ចិនបានសម្រេចកាត់បន្ថយទំនាក់ទំនងការបរទេសជាមួយប្រទេសលីទុយអានី ដោយចិនដកមន្ត្រីស្ថានទូតចេញពីប្រទេសនេះ ទុកតែតំណាងប៉ុណ្ណោះ ដោយប្រឈមមុខតានតឹងដាក់គ្នាជុំវិញបញ្ហាកោះតៃវ៉ាន់។
ការសម្រេចខាងលើរបស់ទីក្រុងប៉េកាំង ក្រោយពេលប្រទេស Lithuania អនុញ្ញាតឱ្យកោះតៃវ៉ាន់បើកការិយាល័យតំណាងនៅក្នុងរដ្ឋធានី Vilnius ។ ការិយាល័យនោះត្រូវបានគេចាត់ទុកថាជាស្ថានទូតរបស់តៃវ៉ាន់។
នៅក្នុងប្រទេសជាច្រើនទៀត កោះតៃវ៉ាន់បានប្រើប្រាស់ការិយាល័យតំណាងដើម្បីបង្កើតទំនាក់ទំនងការទូត ដោយសារតែកោះតៃវ៉ាន់មិនអនុញ្ញាតឲ្យមានស្ថានទូតនៅក្រៅប្រទេសនោះឡើយ។
ក្នុងពេលនេះដែរ ទីក្រុងប៉េកាំងបានព្រមានប្រទេស Lithuania ថា «នឹងទទួលខុសត្រូវរាល់បញ្ហាដែលអាចកើតឡើង» ក្រោយអនុញ្ញាតឱ្យកោះតៃវ៉ាន់ដាក់ការិយាល័យតំណាងនៅទីនោះ។ ចិនបានចាត់ទុកប្រទេស Lithuania ថាបានបំពានលើច្បាប់ចិនតែមួយ។
កាលពីខែកក្កដា រដ្ឋាភិបាលកោះតៃវ៉ាន់ បានបញ្ជាក់ថា នឹងបើកការិយាល័យតំណាងនៅ Vilnius ក្រោយពេលប្រទេស Lithuania អនុញ្ញាត ។ នេះជាការិយាល័យតំណាងដំបូងរបស់កោះតៃវ៉ាន់នៅក្នុងតំបន់អឺរ៉ុប ក្រោយរយៈពេល១៨ឆ្នាំ។
ចិនក៏បានសម្រេចដកឯកអគ្គរដ្ឋទូតរបស់ខ្លួនចេញពីប្រទេសលីទុយអានី ហើយស្នើដល់ប្រទេសនេះដកមន្ត្រីទូតរបស់ខ្លួនចេញពីប្រទេសចិនផងដែរ៕ ដោយ៖ធីរីណា
រូបថត៖AFP