ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនា និងផ្តល់អនុសាសន៍សំខាន់ៗចំនួន៤ !

ចែករំលែក៖

ភ្នំពេញ ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម និង ថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០នៃទំនាក់ទំនងដៃគូសន្ទនា។ 

ខាងក្រោមនេះ គឺជាសុន្ទរកថាទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនា :

សុន្ទរកថា, របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី ៣០ នៃទំនាក់ទំនងដៃគូសន្ទនា ថ្លែងពីរាជធានីភ្នំពេញ, តាមប្រព័ន្ធវីដេអូ,ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២១ ! 

ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ (Sultan Haji Hassanal Bolkiah }, ប្រធានអង្គប្រជុំ ឯកឧត្តម ស៊ី ជីនពីង (Xi Jinpirg) ប្រធានាធិចអ៊ីនសាធារណរដ្ឋប្រជាមានិតចិន

ឯកឧត្តមថ្នាក់ដឹកនាំ នបណ្តាប្រទេសអាស៊ាន

ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី !

ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្តីសោមនស្ស ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី ៣០ នៃទំនាក់ទំនងដៃគូសន្ទនា និងសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ វត្តមានរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ, អាស៊ាន-ចិន បានបង្កើតទំនាក់ទំនងដ៏ស្អិតរមួត ប្រកបដោយ សាមគ្គីភាព និងផ្លែផ្កា ដែលផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការនាំ មកនូវសន្តិភាព, ស្ថិរភាព, សន្តិសុខ, វិបុលភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន នៅក្នុងតំបន់ទាំងពីរ ។ ស្របពេលដែលចិនបានក្លាយជាប្រទេសមហាអំណាចឈានមុខមួយ និងមានតួនាទី កាន់តែសំខាន់ និងច្រើនឡើង, ទាំងក្នុងតំបន់ និងសកលលោក, ហើយអាស៊ានក៏បានបំពេញតួនាទីកាន់តែទូលំ ទូលាយ, ទំនាក់ទំនងអាស៊ាន-ចិន នឹងក្លាយជាទំនាក់ទំនងមួយ ដែលកាន់តែសំខាន់ និងចាំបាច់ និងដែលមាន អត្ថន័យធំធេង និងប្រកបដោយផ្លែផ្កា សម្រាប់តំបន់ ក៏ដូចជាសម្រាប់សកលលោកទាំងមូល, ជាពិសេស នៅក្នុងបរិការណ៍នៃការស្ដារ និងជំរុញកំណើនសង្គម-សេដ្ឋកិច្ចឡើងវិញ ក្នុងបរិបទនៃជំងឺកូវីដ-១៩ ។

ក្នុងឱកាសនេះ, ក្នុងស្មារតីនៃការពង្រឹងបន្ថែមនូវទំនាក់ទំនងអាស៊ាន-ចិន ឱ្យកាន់តែប្រសើរឡើង, ខ្ញុំ សូមចូលរួមចែករំលែកនូវអនុសាសន៍មួយចំនួន ដូចខាងក្រោម៖

ទី១. ជាមួយនឹងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានល្អប្រសើរ, កម្ពុជាសូមអបអរសាទរ ចំពោះប្រទេសចិន ដែលបានស្តារ និងជំរុញកំណើនសង្គម-សេដ្ឋកិច្ចឡើងវិញឆាប់រហ័ស ជាមួយនឹងកំណើន ប្រមាណ ៩,៨% ក្នុងរយៈពេលត្រឹមតែ ៩ ខែដំបូង ក្នុងឆ្នាំ ២០២១ នេះ ។ កម្ពុជាក៏សូមអរគុណ និងវាយតម្ល ខ្ពស់ចំពោះចិន ដែលបានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និង ការស្តារ និងជំរុញកំណើន សង្គម-សេដ្ឋកិច្ចឡើងវិញ នៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់ និងសកលលោក ។ កម្ពុជាសូមលើកទឹកចិត្តឱ្យចិន បន្តផ្តល់ជំនួយដល់អាស៊ាន, ជាពិសេស ផ្តល់ការគាំទ្រចំពោះ ក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់ អាស៊ាន និងគំនិតផ្តួចផ្តើមនានា ក្នុងការឆ្លើយតបនឹងជំងឺកូវីដ-១៩ ។ ក្នុងពេលចំពោះមុខ, កម្ពុជាសូមលើក ទឹកចិត្តឱ្យចិនបើកការធ្វើដំណើរចេញ-ចូលប្រទេស រវាងតំបន់ទាំងពីរអាស៊ាន-ចិន ឡើងវិញ សំដៅពង្រឹង និង លើកស្ទួយនូវវិស័យទេសចរណ៍, សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស, សកម្មភាពធុរកិច្ច, ពាណិជ្ជកម្ម និងការ វិនិយោគ ។

ទី២. ជាទិសដៅអនាគត, កម្ពុជាសូមលើកទឹកចិត្តឱ្យអាស៊ាន-ចិន បន្តពង្រឹងការតភ្ជាប់ក្នុងតំបន់ ស្របតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួមអាស៊ាន-ចិន ស្តីពីការរួមផ្សំផែនការមេតភ្ជាប់អាស៊ានឆ្នាំ២០២៥ (MPAC 2025) និងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និង ផ្លូវ (BRI) ដើម្បីបង្កើនប្រសិទ្ធភាពរំហូរទំនិញ, សេវាកម្ម និងចលនាប្រជាជន ។ ជាមួយគ្នានេះ, បន្ថែមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន, ការទាញ ប្រយោជន៍ជាអតិបរិមាពីកិច្ចព្រមព្រៀង ស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) គួរត្រូវ បានជំរុញ និងយកចត្តិទុកដាក់បន្ថែម ដែលការណ៍នេះនឹងពង្រឹងមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ចសម្រាប់ រយៈពេលវែង ព្រមទាំងនឹងនាំមកនូវវិបុលភាពទៅវិញទៅមក ស្របតាមចក្ខុវិស័យនៃភាពជាដៃគូយុទ្ធសាស្ត្រ អាស៊ាន-ចិន ឆ្នាំ ២០៣០ ។

ទី៣. កម្ពុជាសូមគាំទ្រចំពោះការលើកកម្ពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និង ការអនុម័តសេចក្ដីថ្លែងការណ៍រួមស្តីពីកិច្ចប្រជុំកំពូលអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី ៣០ នៃ ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន ។ កម្ពុជាក៏សូមស្វាគមន៍ផងដែរនូវគំនិតផ្ដួចផ្ដើមការអភិវឌ្ឍសកលរបស់ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង

ដែលនឹងក្លាយជាកម្លាំងគាំទ្រដ៏សំខាន់សម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍ នៅក្នុងការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ និង ក្នុងការលើកស្ទួយសិទ្ធិមនុស្ស តាម រយៈការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយភាពក្រីក្រ ។ ក្នុងន័យនេះ, កម្ពុជាសង្ឃឹមថា គំនិតផ្តួច ផ្ដើមខាងលើ នឹងបំពេញបន្ថែម និងគាំទ្រដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់អាស៊ាន-ចិន ឱ្យ កាន់តែមានអត្ថន័យខ្លឹមសារ ផ្អែកលើកិច្ចសហប្រតិបត្តិការជាក់ស្តែងដែលផ្តល់ប្រយោជន៍ទៅវិញទៅមក ។

ទី៤, អាស៊ាន-ចិន គប្បីបន្តប្រកាន់យកប្រព័ន្ធពហុភាគីនិយម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យ និងដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមរួម ក្នុងតំបន់ និងសកលលោក ដោយសន្តិវិធី និងឈរ លើស្មារតីនៃការទុកចិត្តទៅវិញទៅមក និងការជឿជាក់ សំដៅរក្សាបាននូវសន្តិភាព, ស្ថិរភាព និង កិច្ចសហ ប្រតិបត្តិការល្អប្រសើរ និងប្រកបដោយផ្លែផ្កា នៅក្នុងតំបន់ ។ ក្នុងស្មារតីនេះ, កម្ពុជាសូមគាំទ្រគំនិតផ្តួចផ្តើម ប្រារព្ធខួប ២០ ឆ្នាំ នៃការចុះហត្ថលេខាលើ សេចក្ដីថ្លែងការណ៍ ស្ដីពីការប្រតិបត្តិរបស់បណ្តាភាគី នៅសមុទ ចិនខាងត្បូង ក្នុងឆ្នាំ ២០២២ ខាងមុខនេះ ។ កម្ពុជាក៏សូមវាយតម្លៃខ្ពស់ លើវឌ្ឍនភាពនៃការចរចាឆ្ពោះទៅរក ការបញ្ចប់ ក្រុមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង ដែលប្រកបដោយខ្លឹមសារពេញលេញ និងប្រសិទ្ធភាពខ្ពស់ ។

ជាទីបញ្ចប់, កម្ពុជាសូមអបអរសាទរចំពោះប្រជាជន និងរដ្ឋាភិបាលចិន ដែលសម្រេចបាននូវ គោលដៅ ១០០ ឆ្នាំ ទី១ ក្នុងការកសាងសង្គមជាតិមួយមានវិបុលភាពកម្រិតមធ្យម និងសូមជូនពរចិន ឱ្យ សម្រេចបាននូវគោលដៅ ១០០ ឆ្នាំ ទី២ តាមផែនការនៅឆ្នាំ ២០៤៩ ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖