ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចពិជ័យសេនា ទៀ បាញ់ សូមក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ បន្តយកចិត្តទុកដាក់អនុវត្តការងារតាមភារកិច្ច ដែលរាជរដ្ឋាភិបាលប្រគល់ជូន !

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា, សូមក្រុមគ្រូពេទ្យ នៃអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ បន្តយកចិត្តទុកដាក់អនុវត្តការងារតាមភារកិច្ច ដែលរាជរដ្ឋាភិបាលប្រគល់ជូន និងសូមអំពាវនាវដល់ជនរួមជាតិទាំងអស់នាំកូនចៅទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា សំដៅស្ដារ លើកស្ទួយ និងជំរុញកំណើនសេដ្ឋកិច្ចជាតិយើងក្រោយវិបត្តិជំងឺកូវីដ-១៩ និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដោយប្រកាន់ខ្ជាប់នូវវិធានការ “៣ការពារ និង៣កុំ”។
សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០០,៦៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,៥៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៣,៩៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ៨១,៣៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៨,០៧% ។ ដោយឡែកនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១៖
-ករណីឆ្លងថ្មី ៣៧នាក់ (លទ្ធផលបញ្ចាក់ដោយ PCR)
-ករណីជាសះស្បើយ ៤០នាក់
-ករណីស្លាប់ ០៥នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំង ០៣នាក់) ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖