ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មនិងគួរឱ្យតក់ស្លុតបំផុតដោយសារតែគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូដែលបើកវ៉ាជែងគ្នាក្នុងស្ថានភាពគ្រោះថ្នាក់ហើយបានជ្រុលទៅបុកជាមួយម៉ូតូខាងមុខដែលបើកស្របទិសគ្នាបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២១នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១១៤និង១១៥ស្ថិតក្នុងភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះសុខ ឈួង អាយុ៦៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង គាត់ជិះម៉ូតូម៉ាកហុងដា គុបជ្រុង ពណ៌ទឹកប៊ិកគ្មានស្លាកលេខ។
ចំណែកភាគីបង្កហេតុគេមិនបានស្គាល់អត្តសញ្ញាណនោះទេ ព្រោះពេលឃើញសភាពការណ៍មិនស្រួលបានរត់គេចខ្លួនបាត់បន្សល់ទុកតែម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ គ្មានស្លាកលេខនៅនឹងកន្លែង។
តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានបុរសចំណាស់ម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា គុបជ្រុង ពណ៌ទឹកប៊ិកគ្មានស្លាកលេខនៅលើផ្លូវជាតិលេខ១ ខណៈនោះស្រាប់តែមានបុរសម្នាក់មិនស្គាល់ឈ្មោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅគ្មានស្លាកលេខ បានបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ក៏ជ្រុលទៅបុកពីក្រោយម៉ូតូរងគ្រោះយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយមកសមត្ថកិច្ចបានមកដល់ធ្វើការវាស់វែងនិងអូសយកមធ្យោបាយទាំងពីរគ្រឿងទៅមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីដោះស្រាយតាមច្បាប់។
ចំណែកសពបុរសរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយ៖យឹម សុថាន