ព័ត៌មានទាន់ហេតុការណ៍៖

មានវ៉ាក់សាំងជាង១១២,៩លានដូសហើយបានចាក់ជូនពលរដ្ឋនៅវៀតណាម

ចែករំលែក៖

ប្រទេសវៀតណាម៖ សរុបវ៉ាក់សាំងដែលបានចាក់ជូនពលរដ្ឋនៅក្នុងប្រទេសវៀតណាម មកទល់ពេលនេះមានរហូតដល់ទៅ១១២,៩៤លានដូសហើយ។ ក្នុងនោះអ្នកដែលចាក់បានមួយដូសមាន៦៧,៨លាននាក់ និងពីរដូសមានជាង ៤៥លានដូស ។
នៅក្នុងថ្ងៃទី២៣ខែវិច្ឆិកា វៀតណាមបានចាក់វ៉ាក់សាំងជូនពលរដ្ឋដល់ទៅជាង២លានដូសក្នុងមួយថ្ងៃ ដែលជាចំនួនយ៉ាងច្រើន។ ប៉ុន្តែករណីឆ្លងកូវីដ-១៩នៅក្នុងប្រទេសវៀតណាមវិញបែរជាកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
នៅល្ងាចថ្ងៃទី២៤ខែវិច្ឆិកានេះ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ-១៩ ចំនួន១១,៨១១ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
ក្នុងរបាយការណ៍ថ្ងៃពុធនេះដែរ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ-១៩ ចំនួន១២៥នាក់បន្ថែមទៀតផងដែរ។
គិតត្រឹមយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,១៥៥,៧៧៨នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩៣៧,២៦១នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២៤,២៤៣នាក់៕ ដោយ៖ធីរីណា

រូបថត៖TTXVN-VNA


ចែករំលែក៖