ខេត្តព្រៃវែង៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះពិនិត្យទីតាំង និងប្រជុំពិភាក្សាផែនការបែងចែកភារកិច្ចរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១១ ក្រោមអធិបតីភាពលោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងគណៈកម្មការរៀបចំបុណ្យជាតិ អាជ្ញាធរខេត្ត ស្រុក ព្រមទាំងផ្នែកពាក់ព័ន្ធនានា ដើម្បីទទួលភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលខាងមុខនេះ ស្ថិតនៅក្រុងព្រៃវែង ខេត្តព្រៃវែង។ នេះបេីយោងតាមប្រភពព័ត៌មានពីរដ្ឋបាលខេត្តព្រៃវែង នៅរសៀលថ្ងៃពុធទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
កិច្ចប្រជុំពិភាក្សា ក្រោយការចុះពិនិត្យទីតាំងនោះ គឺក្នុងន័យរៀបចំផែនការបែងចែកភារកិច្ចលម្អិតនៃការទទួលខុសត្រូវក្នុងការរៀបចំដំណើរការពិធីសម្ពោធរបស់គណៈកម្មការរៀបចំបុណ្យជាតិ អាជ្ញាធរខេត្ត ស្រុក ព្រមទាំងផ្នែកពាក់ព័ន្ធ ដើម្បីធានាឱ្យការប្រព្រឹត្តទៅប្រកបដោយសន្តិសុខ សណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ក៏ដូចជាអង្គពិធីទាំងមូលប្រកបដោយភាពរលូន និងជោគជ័យ។
គួរបញ្ជាក់ថា គម្រោងសាងសង់នូវផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែងប្រវែងសរុប៩៦,៤៨គីឡូម៉ែត្រ ចាប់ពីអ្នកលឿង(ចំណុចប្រសព្វផ្លូវជាតិលេខ១)- ខេត្តព្រៃវែង-ថ្នល់ទទឹង-ខេត្តត្បូងឃ្មុំ (ចំណុចប្រសព្វផ្លូវជាតិលេខ៧) ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។
ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្តព្រៃវែង បានថ្លែងអំណរគុណជូនចំពោះលោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងគណៈកម្មការរៀបចំបុណ្យជាតិ អាជ្ញាធរខេត្ត ស្រុក ព្រមទាំងផ្នែកពាក់ព័ន្ធជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានពិនិត្យទីតាំង និងពិភាក្សាបែងចែកភារកិច្ចលម្អិត នៃការទទួលខុសត្រូវក្នុងដំណើរការពិធីសម្ពោធធានាបានសន្តិសុខ សណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ក៏ដូចជាអង្គពិធីទាំងមូល។
ក្នុងនាមអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងគ្រប់ជាន់ថ្នាក់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង សូមថ្លែងអំណរគុណនូវចំណងដៃដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជាជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ក៏ដូចជាជូនដល់សង្គមជាតិទាំងមូលក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចពេញផ្ទៃប្រទេស៕
ដោយ៖ សហការី