ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យទី១ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានសហការជាមួយប្រជាពលរដ្ឋចាប់ខ្លួនជនសង្ស័យបានចំនួន៤នាក់ បន្ទាប់ពីពួកគេជិះម៉ូតូពីរគ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់កំពុងដើរនិយាយទូរស័ព្ទបានសម្រេច កាលវេលាម៉ោង៩ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ៤នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានរួមមាន ៖ ទី១ឈ្មោះ ឃ្លៀង ដែនប៊ី អាយុ ១៥ឆ្នាំស្នាក់នៅផ្ទះភូមិ៥ សង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ ។ ទី២ ឈ្មោះថាវ សីហាអាយុ ១៤ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។ ទី៣ ឈ្មោះ អ៊ុំ តារា អាយុ ២០ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិ៥ សង្កាត់ស្ទឹងមានជ័យ ២ខណ្ឌមានជ័យ ។ និងទី៤ ឈ្មោះថុង សំបូរ អាយុ១៨ ឆ្នាំមុខរបរមិនប្រាកដស្នាក់នៅភូមិ៥សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
ចំណែកជនរងគ្រោះឈ្មោះ ពាំង ឈា អាយុ ៣៦ ឆ្នាំ មុខរបររត់កង់បីឥណ្ឌា ស្នាក់នៅបន្ទប់ជួល ភូមិមានជ័យទី២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
បេីតាមសម្ដីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានដើរចេញពីបន្ទប់ជួលមកលេីផ្លូវបេតុងនិយាយទូរស័ព្ទ ស្រមពេលនោះក៏លេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកscoopyពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IZ-2210 ជិះមកក្បែរក៏ធ្វេីសកម្មភាពឆក់ទូរស័ព្ទបានសម្រេច ហើយព្យាយាមជិះម៉ូតូរត់គេចបានបន្តិចក៏ដួលម៉ូតូ រួចជនរងគ្រោះបានរត់ដេញតាមចាប់ពេលនោះលេចមុខបក្ខពួក២នាក់ទៀតជិះម៉ូតូមួយគ្រឿងម៉ាកវេវ ពាក់ស្លាកលេខភ្នំពេញ1R-7254 ចាំបិតគូទបានមកជួយបក្ខពួក ធ្វេីឲ្យជនរងគ្រោះស្រែឆោឡោថាចោរៗផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះជួយព័ទ្ធចាប់បានជនសង្ស័យទាំង៤នាក់នឹងដកហូតម៉ូតូ២គ្រឿងយកទៅកាន់ប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី១តែម្ដង។
បន្ទាប់ពីសមត្ថកិច្ចប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី១បានសារសួរជនសង្ស័យខាងលើរួចរាល់ ពួកគេបានសារភាពចំពោះមុខសមត្ថកិច្ច ថាពួកគេពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះខាងលើពិតប្រាកដមែន ។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង៤នាក់ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធី ៕
ដោយ ៖ ភារ៉ា ដង្កោ