ខេត្តស្វាយរៀង៖ រដ្ឋបាលក្រុងស្វាយរៀង បានប្រគល់រថយន្តជូនដល់អធិការដ្ឋាននគរបាលក្រុងសម្រាប់ប្រេីប្រាស់ក្នុងការអនុវត្តការងារនៅក្នុងមូលដ្ឋាន។
ការប្រគល់រថយន្តនេះធ្វើឡើងនាព្រឹកថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ក្រោមការចូលរួមពីលោកណុប ចំរើន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង និងជាអភិបាលក្រុងស្វាយរៀងជូនដល់លោក កែន រិទ្ធី អធិការនគរបាលក្រុងសម្រាប់ប្រេីប្រាស់ក្នុងការអនុវត្តការងារ។
ក្នុងឱកាសនោះក៏មានការអញ្ជេីញចូលរួមពីលោក សរ សុដានី អភិបាលរង លោកស្រីអភិបាលរងក្រុង លោកនាយករដ្ឋបាលសាលាក្រុង លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង លោកមេបញ្ជាការរងផ្នែកសឹករងក្រុង និងមន្រ្តីរាជការសាលាក្រុង។
លោក ណុប ចំរើន បានមានប្រសាសន៍ថា ការប្រគល់រថយន្តជូនដល់អធិការដ្ឋាននគរបាលក្រុង គឺដេីម្បីសម្រួលដល់ការអនុវត្តការងាររក្សាសណ្តាប់ធ្នាប់ សន្តិសុខ និងបម្រេីឱ្យប្រយោជន៍រួមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិសាស្ត្រក្រុងស្វាយរៀង។
លោកក៏បានរំលឹកបន្ថែមថា សូមឱ្យប្រេីប្រាស់រថយន្តមួយគ្រឿងនេះបានត្រឹមត្រូវ ស្របតាមការណែនាំរបស់គណៈបញ្ជាការឯកភាពក្រុង ដោយផ្តោតលេីផលប្រយោជន៍សាធារណៈជាសំខាន់។
បន្ទាប់មកលោកអភិបាលក្រុង លោក លោកស្រីអភិបាលរងក្រុង និងមន្ត្រីរាជការសាលាក្រុង ក៏បានចុះសួរសុខទុក្ខដល់លោកស្រី ប៉ុល ស៊ីវ៉ឺន សមាជិកក្រុមប្រឹក្សាក្រុងស្វាយរៀងដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានរបស់លោកស្រី នៅភូមិឡ សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង ដោយសូមជូនពរឱ្យលោកស្រីឆាប់ជាសះស្បើយពីជំងឺផងដែរ៕
ដោយ៖យឹម សុថាន