ព័ត៌មានទាន់ហេតុការណ៍៖

សារលិខិត​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងឱកាសប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍​ ១​ ធ្នូ​ ២០២១​

ចែករំលែក៖

ភ្នំពេញ ៖ សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ២០២១

សូមក្រាបថ្វាយបង្គំសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃនាយក សម្តេច ព្រះសង្ឃនាយករង ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ បងប្អូនជនរួមជាតិជាទីស្រឡាញ់!

ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ២០២១ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមចូលរួមជាមួយពិភពលោកទាំងមូលដើម្បីប្រារព្ធ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមប្រធានបទ “បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល”។ ទិវានេះប្រារព្ធឡើងក្នុងគោលបំណងរួមគ្នាជាសកល ដើម្បីបង្ហាញពី ការប្ដេជ្ញាចិត្តខ្ពស់របស់ប្រជាជននៅលើសកលលោក ចូលរួមចែករំលែកនូវចំណេះដឹង ជំនាញ និង បទពិសោធន៍ថ្មីៗក្នុងការទប់ស្កាត់ការរាលដាលមេរោគអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបង្ហាញ ពីការគាំទ្រ និងយកចិត្តទុកដាក់ដល់អ្នកផ្ទុក និងអ្នករងផលប៉ះពាល់ពីមេរោគអេដស៍ ក្នុងការទទួលបាន សេវាថែទាំនិងព្យាបាល និងសេវាសង្គមឱ្យកាន់តែទូលំទូលាយថែមទៀត។

ឆ្លៀតក្នុងឱកាសនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមអបអរសាទរចំពោះសមិទ្ធផលដែល ព្រះរាជាណាចក្រកម្ពុជាយើងទទួលបានក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ ដូចមានចំណុចសំខាន់ៗខាងក្រោមនេះ៖

១- ព្រះរាជាណាចក្រកម្ពុជាត្រូវបានទទួលស្គាល់ថាបានសម្រេចគោលដៅ ៩០-៩០-៩០ នៅ ឆ្នាំ២០១៧។ នៅឆ្នាំ២០២០កន្លងទៅ ប្រទេសកម្ពុជាយើងត្រូវបានទទួលស្គាល់ថាមានអត្រាគ្រប ដណ្តប់សេវាព្យាបាលថែទាំអ្នកជំងឺអេដស៍រហូតដល់៨៣% ដែលជាអត្រាខ្ពស់ជាងគេនៅតំបន់អាស៊ី ប៉ាស៊ីហ្វិក គឺខ្ពស់ជាងប្រទេសធំៗដូចជា ចិន ឥណ្ឌា ថៃ វៀតណាម ជាដើម។

២- អ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជាត្រូវបានរាប់បញ្ចូលក្នុងចំណោមប្រជាជនក្រីក្រ ដែលកំពុង ទទួលបានការគាំពារសង្គមកាន់តែទូលំទូលាយ។ តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងនោះអ្នកផ្ទុកមេរោគអេដស៍ចំនួន ១៩៧៤ គ្រួសារ បានទទួលប្រាក់ឧបត្ថម្ភប្រមាណ ៥១៥.០០៤.០០០រៀល គិតពីខែមិថុនា ឆ្នាំ២០២០ ដល់ខែ កក្កដា ឆ្នាំ២០២១។ ជាមួយគ្នានេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍កំពុងសហការជាមួយក្រសួង ផែនការ ដើម្បីកែសម្រួលនីតិវិធីក្នុងការអនុញ្ញាតឱ្យអ្នកផ្ទុកមេរោគអេដស៍មួយចំនួនធំថែមទៀត ដែលពុំ ទាន់ទទួលការគាំពារសង្គម អាចទទួលបណ្ណសមធម៌ ឬអត្តសញ្ញាណបណ្ណជនក្រីក្រ។

៣- ព្រះរាជាណាចក្រកម្ពុជាជាប្រទេសឈានមុខមួយ ដែលកំពុងផ្លាស់ប្ដូរមុខមាត់កម្មវិធីអេដស៍ ពីការពឹងផ្អែកលើតែជំនួយខាងក្រៅ មកជាកម្មវិធីអេដស៍ដែលមានភាពធន់និងមានចីរភាព។

៤- ព្រះរាជាណាចក្រកម្ពុជាបានចាប់ផ្តើមពង្រឹងប្រព័ន្ធជាតិ សំដៅបង្កើតចរន្តជាតិមួយដែល មុតស្រួច ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ដោយបង្កលក្ខណៈឱ្យគ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដំណើរការគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍គ្រប់លំដាប់ថ្នាក់ និងដោយ ឱ្យសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍ អង្គការអន្តរជាតិ រួមទាំងអង្គការក្រៅរដ្ឋាភិបាល និងសង្គម ស៊ីវិលជាតិ និងអន្តរជាតិផង។
កម្ពុជាយើងស្ទើរតែសម្រេចគោលដៅ៩៥-៩៥-៩៥ ទាំងស្រុងរួចទៅហើយ នៅឆ្នាំកន្លងទៅ ទោះបីជាយើងស្ថិតនៅក្នុងបរិបទនៃការគំរាមកំហែងនៃមេរោគកូវីដ-១៩យ៉ាងណាក៏ដោយ។
ខ្ញុំព្រះករុណា – ខ្ញុំសូមសម្តែងអំណរគុណនិងកោតសរសើរចំពោះក្រសួងស្ថាប័នរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូទាំងអស់ដែលបានចូលរួមយ៉ាងសកម្មក្នុងចរន្តជាតិនៃការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍និងជំងឺអេដស៍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ជាសេនាធិការ។

យើងទាំងអស់គ្នាត្រូវខិតខំថែមទៀត ក្នុងការស្វែងរកអ្នកផ្ទុកមេរោគអេដស៍ដែលបាត់មុខមិន ទាន់មកទទួលសេវាព្យាបាល និងក្នុងការបញ្ចៀសកុំឱ្យមានការបោះបង់ការព្យាបាលរបស់អ្នកផ្ទុកមេរោគ អេដស៍ទាំងអស់ចំនួនប្រមាណ ១២ ០០០នាក់។ ជាមួយនោះ ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវតែដើរតួនាទីនាំមុខ ជាអ្នកសម្របសម្រួលកម្មវិធីបង្ការទប់ស្កាត់ការរីករាលដាលនៃ មេរោគអេដស៍ក្នុងចំណោមប្រជាជនគន្លឹះ ដូចជាក្រុមបុរសរួមភេទជាមួយបុរសក្រុមបំប្លែងភេទ ក្រុម អ្នកបម្រើសេវាកម្សាន្តសប្បាយជាដើម។ ដើម្បីឈានទៅសម្រេចជោគជ័យនៃការបង្ការទប់ស្កាត់ការរីក រាលដាលនេះ ស្ថាប័នរដ្ឋទាំងអស់ ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ត្រូវតែសហការឱ្យបានជិតស្និទ្ធ ជាមួយប្រតិបត្តិករ ព្រមទាំងជាមួយសហគមន៍នៃប្រជាជនគន្លឹះទាំងអស់ ក្នុងការផ្សព្វផ្សាយសារសុវត្ថិភាព នៃការរួមភេទ ដូចជាការប្រើប្រាស់ស្រោមអនាម័យ កម្មវិធីPEP ឬ PEP ឬការធ្វើតេស្តរកមេរោគេអដស៍ ដោយខ្លួនឯងជាដើម។

ក្នុងស្មារតីឈានទៅសម្រេចគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥ គោលនយោបាយចម្បង របស់រាជរដ្ឋាភិបាលផ្តោតលើវិធានការបញ្ចប់វិសមភាព បញ្ចប់អេដស៍ និងបញ្ចប់ជំងឺរាតត្បាត ដោយ ពង្រីកអត្រាគ្រប់ដណ្តប់សេវាថែទាំព្យាបាល ព្រមទាំងផ្តល់ភាពងាយស្រួលដល់អ្នកផ្ទុកមេរោគអេដស៍ ឱ្យមកទទួល ទាំងសេវានេះ ទាំងផលប្រយោជន៍នៃកម្មវិធីគាំពារសង្គម ដោយមិនទុកនរណាម្នាក់ចោល នោះឡើយ។
ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមឧទ្ទិសខ្លឹមសារ និងអត្ថន័យនៃទិវាពិភពលោកប្រយុទ្ធនឹងជំងឺ អេដស៍ ១ ធ្នូ ២០២១ ក្រោមប្រធានបទ “បញ្ចប់ទិសបភាពបញ្ចប់អេដស៍បញ្ចប់ជំងឺឆ្លងរាតត្បាត សកល” ឱ្យក្លាយជាចរន្តជាតិដ៏ធំធេងមួយ ដើម្បីឈានទៅសម្រេចគោលដៅ៣គឺ ៖ គ្មានអ្នកឆ្លងថ្មី គ្មាន អ្នកស្លាប់ដោយសារជំងឺអេដស៍ និងគ្មានការរើសអើងអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍។

ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមថ្វាយព្រះពរ និងប្រគេនពរ ថ្វាយសម្តេច ព្រះថេរានុត្ថេរៈ និង ជូនពរសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្មួយៗយុវជន យុវតី សិស្សានុសិស្ស និង បងប្អូនជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបី ឃ្លៀងឃ្លាតឡើយ៕

ដោយ៖ សិលា


ចែករំលែក៖