ខេត្តស្វាយរៀង៖ ក្មេងស្រីអាយុ១០ឆ្នាំម្នាក់ត្រូវបានក្រុមគ្រួសារដើររកស្រាប់តែប្រទះឃើញស្លាប់ក្នុងទឹកប្រឡាយខាងលិចភូមិចម្ងាយ៣០០ម៉ែត្របង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២១ស្ថិតនៅភូមិបុស្ស ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍។
មន្ត្រីនគរបាលស្រុកបានឱ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះមុន លក្ខិណា អាយុ១០ឆ្នាំ មុខរបរសិស្ស រស់នៅភូមិបុស្ស ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍។
ប្រភពបន្តថា នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយតាយាន បានទទួលព័ត៌មានពីឈ្មោះទេព រុន អាយុ៥០ឆ្នាំ មុខងារជាអនុប្រធានភូមិបុស្ស បានរាយការណ៍ថាមានករណីក្មេងលង់ទឹកស្លាប់។
ក្រោយពីបានទទួលព័ត៌មានខាងលើនេះភ្លាម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំពង់រោទ៍បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយតាយាននិងលោកគ្រូពេទ្យមណ្ឌលសុខភាពស្វាយតាយានចុះទៅដល់កន្លែងកើតហេតុហើយបានឃើញថាមានក្មេងស្រីបានលង់ទឹកស្លាប់ក្នុងប្រឡាយខាងលិចភូមិចម្ងាយប្រហែល៣០០ម៉ែត្រប្រាកដមែន ដោយមិនមានស្លាកស្នាមអ្វីដែលសម្គាល់ថាជារឿងឃាតកម្មនោះទេ។
តាមឈ្មោះកេត ម៉ាលិស ភេទស្រីអាយុ១៣ឆ្នាំ ត្រូវជាបងស្រីក្មេងស្រីរងគ្រោះបានប្រាប់ថា មុនកើតហេតុនាងបានជិះម៉ូតូដឹកប្អូនបង្កើតទៅវាលស្រែខាងលិចភូមិដើម្បីដេញគោ។ ពេលទៅដល់ស្រែក៏បានឈប់ម៉ូតូ ដោយទុកឱ្យប្អូនស្រីរងគ្រោះឈរចាំ។
ប្រភពបន្តថា បន្ទាប់ពីរូបនាងត្រឡប់មកពីដេញគោនៅវាលស្រែចម្ងាយប្រហែល២០០ម៉ែត្រ លុះពេលមកដល់ម៉ូតូវិញស្រាប់តែបាត់ប្អូនស្រីមិនឃើញក៏ស្រែកហៅនិងដើរក ហើយបានជិះម៉ូតូមកផ្ទះវិញប្រាប់ម្តាយនិងពូមីងប្រញាប់ប្រញាល់នាំគ្នាដើររកបន្ត។
ក្រោយមកស្រាប់តែប្រទះឃើញប្អូនស្រីនៅក្នុងទឹកប្រឡាយទើបបង្កការភ្ញាក់ផ្អើលជួយស្រង់និងធ្វើចលនាដៃជើង តែអកុសលយឹតពេលទៅហើយ។ចំណែកសមត្ថកិច្ចវិញសង្ស័យថាក្មេងស្រីនេះបានចុះឆ្លងទឹកប្រឡាយទៅតាមបងដេញគោប៉ុក៏លង់ទឹកស្លាប់តែម្ដង។
ក្រោយពិនិត្យរួច សពក្មេងស្រីខាងលើត្រូវបានសមត្ថកិច្ចនគរបាលជំនាញធ្វើកំណត់ហេតុនិងប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយ៖យឹម សុថាន