ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីបៃឌិន៖ អាមេរិកនឹងធ្វើសង្គ្រាមទប់ស្កាត់ការឆ្លង Omicron ដោយវិទ្យាសាស្ត្រ មិនមែនដោយភាពចលាចលឡើយ

ចែករំលែក៖

នៅថ្ងៃទី២ ខែធ្នូ ប្រធានាធិបតីអាមេរិក លោក បៃឌិន បានប្រកាសពីយុទ្ធសាស្ត្រទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ពិសេសគឺវីរុសបំប្លែងថ្មី Omicron ដែលកំពុងគំរាមកំហែងការឆ្លងជាថ្មីនៅលើពិភពលោក។
ការលើកឡើងខាងលើរបស់ប្រធានាធិបតីអាមេរិកគឺក្រោយពេលប្រទេសនេះរកឃើញករណីឆ្លងកូវីដបំប្លែងថ្មីOmicronជាលើកដំបូង។ ប្រធានាធិបតីអាមេរិកក៏បានលើកឡើងថា ការឆ្លងកូវីដ-១៩ អាចនឹងកើនឡើងខ្ពស់នៅរដូវរងានេះ។ ប៉ុន្តែយើងនឹងតស៊ូជាមួយវាតាមបែបវិទ្យាសាស្ត្រ។
ពាក់ព័ន្ធករណីឆ្លងកូវីដ-១៩ នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ មានមនុស្សសរុប ១៣២,៨២២នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ ១,២៦៤នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នានៅទូទាំងសហរដ្ឋអាមេរិក។ សរុបនៅទូទាំងសហរដ្ឋអាមេរិកអ្នកឆ្លងកូវីដ-១៩បានកើនឡើងដល់ ៤៩,៧១៦,៨២៥ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨០៦,៣៩៨នាក់ និងជាសះស្បើយកើនឡើងសរុប ៣៩.៣៩លាននាក់។
គិតត្រឹមថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៤៦៤លានដូស ក្នុងនោះប្រជាជន ២៣៤.២៧លាននាក់ (៧១.១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់១ដូស, ១៩៦.៣៣លាននាក់ (៥៩.៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង៤២.៩លាននាក់ (១៣% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕

ដោយ៖ធីរីណា(រូបថត៖Reuters)


ចែករំលែក៖