គ្រូបង្វឹកក្រុមហង្សក្រហម Liverpool លោក Jurgen Klopp មានក្តីសង្ឃឹមយ៉ាងមុតមាំថា ខ្សែប្រយុទ្ធ Mohamed Salah នឹងចុះកិច្ចសន្យាថ្មីនៅក្លិប។ កីឡាករអន្តរជាតិអេហ្ស៊ីបរូបនេះកំពុងរីករាយនឹងរដូវកាលដ៏អស្ចារ្យមួយ ហើយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Premier League ដោយរកបាន១៣គ្រាប់នៅពេលបច្ចុប្បន្ន។
Salah មានវ័យ២៩ឆ្នាំបានចូលរួមជាមួយក្រុមហង្សក្រហមក្នុងឆ្នាំ២០១៧ហើយកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់ក្នុងរយៈពេល១៨ខែទៀត។
លោក Klopp បាននិយាយថា “យើងកំពុងនិយាយ ហើយការបន្តកិច្ចសន្យាសម្រាប់កីឡាករដូចជា Mohamed Salah ហើយកិច្ចព្រមព្រៀងនេះពួកយើងកំពុងពិភាក្សាគ្នា។ ខ្ញុំគិតថា អ្វីដែលយើងទាំងអស់គ្នាចង់បានគឺជាអ្វីដែលច្បាស់លាស់ វាត្រូវការពេលវេលា”។
ក្រុម Liverpool ត្រូវប៉ះក្រុមម្ចាស់ផ្ទះ AC Milan ក្នុងការប្រកួតចុងក្រោយវគ្គជម្រុះក្នុងពូល Champions League នៅរាត្រីថ្ងៃអង្គារនេះដោយក្រុមរបស់លោក Klopp មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់វគ្គ១៦ក្រុមចុងក្រោយរួចទៅហើយ។
ខ្សែប្រយុទ្ធ Salah បានស៊ុតបញ្ចូលទីក្នុងការប្រកួតក្រៅដី៦គ្រាប់ចុងក្រោយរបស់ Liverpool ក្នុងទ្វីបអឺរ៉ុប ប៉ុន្តែលោក Klopp នឹងមិននិយាយថា តើខ្សែប្រយុទ្ធនឹងចាប់ផ្តើមទល់នឹងក្រុមអុីតាលីនោះទេ។
លោកបានមានប្រសាសន៍ថា “ខ្ញុំមិនអាចផ្លាស់ប្តូរគ្រប់ជួរទាំងអស់បានទេ។ យើងត្រូវការកីឡាករនៅលើទីលាន ដូច្នេះខ្ញុំមិនអាចបង្វិល និងចាប់ផ្តើមដោយ៩នាក់នោះទេ នោះមិនអាចទៅរួចទេ។ យើងនឹងមើលថាតើ Salahលេងឬអត់? ប៉ុន្តែកីឡាករយល់ច្បាស់អំពីស្ថានភាព យើងចង់ដាក់ផ្នែកដ៏ល្អបំផុតសម្រាប់ស្ថានភាពដែលយើងកំពុងស្ថិតក្នុងការប្រកួតនេះ” ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)