ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនបង្កើតកម្មវិធី Life360 បានលក់ទិន្នន័យទីតាំងជាក់លាក់របស់អ្នកប្រើប្រាស់រាប់លាននាក់

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១  អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, Life360 គឺជាកម្មវិធីតាមដានដែលអាចដំឡើងបាននៅលើទូរសព្ទស្មាតហ្វូន ដែលមានប្រព័ន្ធប្រតិបត្តិការ iPhone និង Android  ហើយដែលអ្នកប្រើប្រាស់រាប់លាននាក់ចូលចិត្តប្រើដើម្បីអាចឱ្យសមាជិកគ្រួសារដឹងពីទីតាំងរបស់ពួកគេទៅវិញទៅមក។

អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្តថា, កម្មវិធី Life360 ដែលមានអ្នកប្រើប្រាស់ចំនួនប្រមាណ ៣៣លាននាក់ទូទាំងពិភពលោកត្រូវបានរកឃើញកាលពីពេលថ្មីៗនេះថា បានលក់ទិន្នន័យទីតាំងជាក់លាក់របស់អ្នកប្រើប្រាស់ដែលរាប់បញ្ចូលទាំងទិន្នន័យទីតាំងរបស់កុមារផងនោះទៅឱ្យក្រុមហ៊ុនប្រមូលនិងចងក្រងទិន្នន័យទីតាំង ដែលបន្ទាប់មកពួកគេបានលក់ទិន្នន័យទាំងនោះទៅឱ្យក្រុមហ៊ុនជាច្រើនទៀត។ ទោះបីជា លក្ខខណ្ឌក្នុងការប្រើប្រាស់របស់កម្មវិធី Life360 បញ្ជាក់ថា “ទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់នឹងត្រូវបានលក់” ប៉ុន្តែអ្នកប្រើប្រាស់ភាគច្រើនប្រហែលជាមិនបានអានអំពីលក្ខខណ្ឌ ឬមិនបានដឹងអំពីរបៀបដែលទិន្នន័យត្រូវបានចែកចាយបន្ទាប់ពីវាផ្តល់ឱ្យទៅឈ្មួញកណ្តាល។

អតីតបុគ្គលិក Life360 ពីរនាក់បាននិយាយថា Life360 គឺជាប្រភពទិន្នន័យដ៏ធំបំផុតមួយនៅក្នុងការលក់ទិញទិន្នន័យទីតាំង ហើយពួកគេបានបង្ហាញពីការព្រួយបារម្ភចំពោះរបៀបដែលទិន្នន័យត្រូវបានប្រើប្រាស់ និងកង្វះខាតក្នុងការការពារទិន្នន័យកុំឱ្យធ្លាក់ទៅលើដៃជនខិលខូច។ ជាងនេះទៅទៀតពួកគេក៏បានអះអាងផងដែរថា Life360 មិន​មាន​ការ​ប្រុង​ប្រយ័ត្ន​ដើម្បី​ធានា​ថា​ ប្រវត្តិ​ទីតាំង​មិន​អាច​ត្រូវ​បាន​គេ​តាមដាន​ត្រឡប់​ទៅ​បុគ្គល​ដើមវិញនោះ​ទេ។

ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា អ្នកប្រើប្រាស់គួរតែចៀសវាងបញ្ចូលកម្មវិធីដែលមិនត្រូវការចាំបាច់ ជាពិសេសកម្មវិធីណាដែលទាមទារឱ្យមានការឯកភាពជាមួយនឹងការតាមដានទីតាំងនោះ។ ជាឧទាហរណ៍ ក្នុងការប្រើប្រាស់កម្មវិធីនេះលោកអ្នកអាចដឹងពីកន្លែងដែលសមាជិកក្រុមគ្រួសាររបស់អ្នកនៅ ប៉ុន្តែអ្នកដែលបានទិញព័ត៌មាន ក៏អាចដឹងពីទីតាំងទាំងនោះបានដែរ៕

ដោយ ៖ សិលា


ចែករំលែក៖