ភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋ១ខ្នងយ៉ាងសន្ធោសន្ធៅព្រមទាំងឆេះឆ្លងដល់ខ្សែភ្លើងនិងផ្ទះអ្នកជិតខាងថែមទៀតបណ្តាលឱ្យរងការខូចខាត បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៤និង៤០នាទីរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ នៅជិតអតីតបឹងតាម៉ាត ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា ផ្ទះរងគ្រោះដោយអគ្គិភ័យនោះសង់ពីឈើខ្លះនិងមានលាយដែកខ្លះ ទំហំ៥ម៉ែត្រ x ២០ម៉ែត្រ ដំបូលប្រក់ស័ង្កសី រីឯជញ្ជាំងក៏បិទបាំងដោយស័ង្កសីដែរ ដែលមានម្ចាស់ឈ្មោះ ហម កៃ ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបររត់ម៉ូតូឌុប ខណៈក្នុងហេតុការណ៍នេះមិនមានមនុស្សណាម្នាក់រងគ្រោះអ្វីឡេីយ ប៉ុន្តែទ្រព្យសម្បត្តិដែលមាននៅក្នុងផ្ទះនោះត្រូវបានភ្លើងឆេះអស់ទាំងស្រុង។
ប្រជាពលរដ្ឋបានបន្តទៀតថា នៅពេលដែលមានហេតុការណ៍អគ្គិភ័យឆាបឆេះនេះឡើង គឺបានធ្វើឲ្យមានការព្រួយបារម្ភអំពីហានិភ័យខ្លាំងណាស់ ព្រោះតែនៅទីនោះមានផ្ទះរាប់សិបខ្នងស្ថិតនៅជាប់ៗគ្នា។ ប៉ុន្តែភ្លាមៗនោះរថយន្តពន្លត់អគ្គិភ័យបានទៅដល់ជាបន្តបន្ទាប់ចំនួន៥គ្រឿង ទើបអាចទប់ទល់បាន តែភ្លើងក៏បានឆេះរាលដល់ផ្ទះអ្នកជិតខាងបណ្ដាលឲ្យខូតខាតម៉ូតូ០១គ្រឿង និងម៉ាស៉ីនបោកខោអាវ០១គ្រឿងផងដែរ ។
សមត្ថកិច្ចបានប្រាប់ថា ពេលមានហេតុការណ៍កើតឡើងកម្លាំងអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដង្កោបានចុះទៅកាន់ទីនោះភ្លាមៗ ហើយបានហៅរថយន្តពន្លត់អគ្គិភ័យចំនួន ៥គ្រឿងទៅបាញ់ទឹកពន្លត់ដោយបានប្រេីប្រាស់ទឹកអស់៤ឡានស្មេីនឹង១៨ម៉ែត្រគូប ហើយក៏មានរថយន្តជំនួយមកពីក្រុមហ៊ុនស្រាបៀរកម្ពុជា០១គ្រឿងផងដរ ដោយបានពន្លត់ចប់នៅវេលាម៉ោង៥និង០៣នាទីល្ងាចថ្ងៃខែឆ្នាំដដែលនោះ៕
ដោយ ៖ ភារ៉ា ដង្កោ