ភ្នំពេញ ៖ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ តាមរយៈក្រុមការងារអន្តរក្រសួង និងវិស័យឯកជន ដើម្បីសម្របសម្រួលអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣(ក.អ.ឯ.ក.ស) បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យពីវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ ក្នុងឆ្នាំ២០២១ និងទិសដៅអនុវត្តឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូ (Video Conference)។
សូមបញ្ជាក់ថា, កម្មវិធីនេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់ លោក បណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានក្រុមការងារ ក.អ.ឯ.ក.ស និងមានការចូលរួមពីគ្រប់ស្ថានតំណាងកម្ពុជានៅបរទេស តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដែលជាសមាជិក ក.អ.ឯ.ក.ស សរុបប្រមាណជាង១០០រូប។
កិច្ចប្រជុំពិភាក្សានេះ ផ្តោតជាសំខាន់លើវឌ្ឍនភាព និងយន្តការសម្របសម្រួលអនុវត្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ ឱ្យទាន់ពេល និងមានប្រសិទ្ធិភាព។ ក្នុងនោះក៏មានការធ្វើបទបង្ហាញពី សមាជិកនៃក្រុមការងារដែលមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដូចជា សា្ថនតំណាងកម្ពុជានៅបរទេស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ សភាពាណិជ្ជកម្មកម្ពុជា និងតំណាងវិស័យឯកជន ដើម្បីចែករំលែកព័ត៌មាន និងបទពិសោធន៍ ក្នុងន័យលើកកម្ពស់កិច្ចសហការឱ្យកាន់តែរឹងមាំ និងចូលរួមចំណែកជំរុញអនុវត្តការទូតសេដ្ឋកិច្ចដើម្បីរួមចំណែកលើកស្ទួយសេដ្ឋកិច្ច-សង្គមជាតិ។
លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា សមិទ្ធផល និងផ្លែផ្កាទាំងឡាយដែលកើតចេញពីការអនុវត្ត «យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣» នៅក្នុងរយៈពេលមួយឆ្នាំដំបូងនេះ គឺដោយសារតែមានកិច្ចសហប្រតិបត្តិការល្អ និងមានការចូលរួមធ្វើការយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ទាំងពីវិស័យសាធារណៈ និងវិស័យឯកជន ដែលជាតួអង្គសំខាន់ មិនអាចខ្វះបាន៕
ដោយ៖ សិលា