ខេត្តកណ្តាល ៖ ថ្លែងក្នុងពិធីចុះពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី នៅ ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការដាក់ឈ្មោះថ្មីព្រោះចង់បង្ហាញថាប្រទេសកម្ពុជាជាប្រទេសរាជានិយមដែលរឹងមាំ និងថាការដាក់ថា «តេជោ» នេះមិនសំដៅ លើនាមរបស់សម្ដេចនោះទេតែសំដៅលើ មេទ័ពតេជោមាស តេជោយ៉ត មានធ្លាប់មានប្រវត្តិសាស្ត្រក្នុងទឹកដីខេត្តកណ្ដាលនេះ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងថា៖ «ដាក់អាកាសយានដ្ឋានអន្តរជាតិតេជោ មិនមែនសំដៅ លើខ្ញុំទេ គឺសំដៅ លើរាជានិយមព្រោះមានរាជានិយមទើបមានពាក្យតេជោ ឧកញ៉ា និងអ្នកឧកញ៉ា» ។
ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី «អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ » ត្រូវបានសាងសង់នៅ ឆ្នាំ២០១៩ ដោយមានទុនវិនិយោគពីរាជរដ្ឋាភិបាលកម្ពុជា១០ភាគរយ និងក្រុមហ៊ុន OCIC របស់អ្នកវិនិយោគខ្មែរ៩០ភាគរយដែលមានតម្លៃប្រមាណ១៥០០លានដុល្លារអាមេរិក។
អាកាសយានដ្ឋាននេះគ្រោងនឹងបញ្ចប់ការសាងសង់នៅ ឆ្នាំ២០២៣ខាងមុខ និងដាក់ឱ្យប្រើប្រាស់ផ្លូវការនៅឆ្នាំ២០២៥ ដែលនឹងអាចទទួលអ្នកដំណើរបានប្រមាណ៣០លាននាក់ក្នុងមួយឆ្នាំ។
តាមការឲ្យដឹងពីអ្នកឧកញ៉ា ពុង ឃាវសែ ដែលជាប្រធានក្រុមហ៊ុន OCIC ទទួលការវិនិយោគលានយន្តហោះនេះបានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះសាងសង់ឡើងលើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ជាគម្រោងដ៏ធំនៅក្នុងប្រទេសកម្ពុជាដែលបានវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ដែលជាគម្រោងវិនិយោគរវាងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) និងក្រុមហ៊ុននៃប្រទេសចិនផងដែរ។
ព្រលានយន្តហោះភ្នំពេញថ្មីនេះ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800និង យន្តហោះ Boeing 747-800 ចុះចតបាន។សំណង់ដែលកំពុងសាងសង់នាពេលបច្ចុប្បន្ននេះរួមមាន៖ ស្ថានីយអ្នកដំណើរ មានផ្ទៃក្រឡា ២៤៣គីឡូម៉ែត្រក្រឡា, មជ្ឈមណ្ឌលផ្គត់ផ្គង់ថាមពល, ទីលានចំណតយន្តហោះទំហំ ១៨៩ហិកតា, ស្ថានីយត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសកម្ពស់ ១១៨ម៉ែត្រ, ការងារតភ្ជាប់ផ្លូវពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ទៅមហាវិថីសម្តេចតេជោ ហ៊ុន សែន ដោយមានផ្លូវប្រវែងជាង ១១គីឡូម៉ែត្រ និងស្ពានបេតុងឆ្លងកាត់ស្ទឹងព្រែកត្នោតចំនួន២, ជីកប្រឡាយព័ទ្ធទំនប់ជុំវិញអាកាសយានដ្ឋានប្រវែង ២០គីឡូម៉ែត្រ, សាងសង់អគារផ្សេងៗចំនួន១៩ មានដូចជា៖ អគារស្ថានីយអ្នកដំណើរសម្រាប់ភ្ញៀវជាន់ខ្ពស់, ស្ថានីយកែច្នៃប្រព័ន្ធទឹកកខ្វក់, ស្ថានីយស្តុកសំណល់រឹង, ស្ថានីយជួសជុលយានយន្ត, ស្ថានីយស្តុកប្រេង, ស្ថានីយស្តុកទំនិញ, ស្ថានីយពន្លត់អគ្គិភ័យ និងអនុស្ថានីយអគ្គិសនី។ល។ គម្រោងក៏កំពុងដំណើរការលើការងារស្តារបឹងជើងលោក ដោយសម្រេចបានទំហំ ១៨ហិកតា ក្នុងជម្រៅពី ៥ម៉ែត្រ ទៅ២២ម៉ែត្រ។ ក្រុមហ៊ុនគ្រោងនឹងស្តារបឹងបន្ថែមក្នុងទំហំ ១០០ហិកតា៕

ដោយ៖សុខ ខេមរា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច