ព័ត៌មានទាន់ហេតុការណ៍៖

ម៉ាឡេស៊ី៖ ក្រឡាប់ទូកដឹកជនភៀសខ្លួនស្លាប់១១នាក់ បាត់ខ្លួន២៥នាក់

ចែករំលែក៖

ក្រុមជួយសង្គ្រោះម៉ាឡេស៊ីបានប្រកាសថា ពួកខ្លួនកំពុងតែស្វែងរកអ្នកដំណើរ២៥នាក់ដែលបានបាត់ខ្លួនក្រោយហេតុការណ៍គ្រោះថ្នាក់ក្រឡាប់លិចទូកដឹកជនភៀសខ្លួន ស្ថិតនៅតំបន់សមុទ្រ ក្នុងរដ្ឋ Johor ។ ជាមួយគ្នានេះដែរ ក្រុមជួយសង្គ្រោះក៏បានរកឃើញសាកសពអ្នកដំណើរ១១នាក់ផងដែរ។
សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រុមជួយសង្គ្រោះបានប្រកាសថា បានសង្គ្រោះអ្នកដំណើរ១៤នាក់ ក្នុងចំណោម៥០នាក់នៅលើទូក។ ហេតុការណ៍គ្រោះថ្នាក់កើតឡើងនៅវេលាម៉ោង ៤និង៣០នាទីព្រឹកថ្ងៃទី ១៦ខែធ្នូ ហើយមូលហេតុដោយសារតែអាកាសធាតុអាក្រក់។
អនុប្រធានទទួលបន្ទុកសកម្មភាពចរាចរណ៍នៅដែនសមុទ្រក្នុងរដ្ឋ Johor គឺលោក Simon Templer Lo Ak Tusa បានបញ្ជាក់ថា កប៉ាល់ខាងលើធ្វើដំណើរពីប្រទេសឥណ្ឌូនេស៊ី ហើយបានក្រឡាប់លិចដោយសារតែខ្យល់ខ្លាំងរលកសមុទ្រធំៗ ។ អ្នកដំណើរទាំងអស់ជាជនជាតិឥណ្ឌូនេស៊ី។
តាមការប្រកាសរបស់អង្គការ Migrant CARE តែងតែការពារ ក្រុមពលករមានទីតាំងនៅទីក្រុងចាការតា បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ មានកម្មករប្រមាណពី១សែននាក់ដល់២សែននាក់ ធ្វើដំណើរពីប្រទេសឥណ្ឌូនេស៊ីទៅកាន់ប្រទេស ម៉ាឡេស៊ីទាំងខុសច្បាប់ដើម្បីរកការងារធ្វើ៕ ដោយ៖ធីរីណា

រូបថត៖Reuters


ចែករំលែក៖