ខេត្តសឹ្ទងត្រែង៖ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ជ្រូកព្រៃមួយក្បាលជាប់អន្ទាក់ព្រានព្រៃបានតដៃហក់ខ្វេះ បុរសម្នាក់ដែលមកជួយព្រានព្រៃបែរជារងរបួសធ្ងន់ ដោយសារជ្រូកព្រៃខឹងព្រានព្រៃដាក់អន្ទាក់ជាប់ជើងនោះ។ ហើយក៏នៅមិនឆ្ងាយពីភូមិកេះដូង ប៉ុន្មានទេ ដែលស្ថិតក្នុងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ពេលវាដឹងខ្លួនធ្វើពុធជាដេកសម្ងំយកកម្លាំង ខណ:ពេលវាឃើញមនុស្សទៅដល់ ជ្រូកព្រៃក៏រើបម្រាស់ទាំងកម្រោលដូចចងគំនុំ ខឹងនិងព្រានព្រៃនោះបានហក់ដាច់ខ្សែអន្ទាក់ រួចក៏ស្ទុះដេញខ្វេះម្ចាស់អន្ទាក់ទាំងកម្រោលតែព្រាននោះរត់រួច តែវាបែរជាមកខ្វេះអ្នកជួយទៅវិញ ដោយមិនបានត្រៀមខ្លួនទុកជាមុន ក៏ខ្វេះត្រូវចំភ្លៅខាងស្តាំរងរបួសយ៉ាងដំណំ ក្រោយជ្រូកព្រៃខ្វេះអ្នកទៅជួយរងរបួសរួចមក ឯងព្រានក៏រត់បាត់ ជ្រូកព្រៃក៏រួចខ្លួនរត់គេចបាត់ ស្រមោលបន្សល់តែបុរសរងរបួសនៅនឹងកន្លែងកើតហេតុ តែត្រូវបានអ្នកភូមិជួយដឹកបញ្ជូនយកទៅមន្ទីរពេទ្យខេត្តសឹ្ទងត្រែងសង្គ្រោះភ្លាមៗផងដែរ។
ជុំវិញរឿងនេះលោក គង់ រី ប្រធានសហគមន៍ព្រៃតាម៉ៅ នៅឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែង បានប្រាប់អ្នកសារព័ត៌មានយើងថា ជ្រូកព្រៃមួយក្បាលនេះវាជាប់អន្ទាក់របស់ព្រានព្រៃម្នាក់ដែលគេ មិនបានស្គាល់អត្តសញ្ញាណទេ មុនកើតហេតុព្រានព្រៃនេះ បានមកពឹងពាក់អ្នកចម្ការដំឡូង នៅក្បែរនោះឱ្យមកជួយវាយជ្រូកព្រៃ ព្រោះវាកំពុងជាប់អន្ទាក់របស់ខ្លួនហើយ ហើយនៅមិនឆ្ងាយពីទីនេះប៉ុន្មានទេ។ ខណៈពេលបុរសរងរបួសខាងលើក៏ព្រមទៅជាមួយព្រាននោះ ពេលទៅដល់ព្រានក៏បានលើកកាំបិតបម្រុងកាប់ទៅលើជ្រូកព្រៃ តែមិនទាន់បានកាប់ផងស្រាប់តែជ្រូកព្រៃនោះ ហក់ដាច់ខ្សែអន្ទាក់ដេញខ្វេះម្ចាស់អន្ទាក់ តែសំណាងល្អព្រាននោះរត់គេចផុត បែជាមកខ្វេះអ្នកជួយរងគ្រោះជំនួស បណ្តាលឲ្យរងរបួសភ្លៅស្តាំធ្ងន់ធ្ងរទៅវិញ ក្រោយកើតហេតុព្រានព្រៃខាងលើនោះមិនបាននៅមើល ឬជួយនាំយកមកសង្គ្រោះទេ បែជារត់គេចខ្លួនបាត់ ដោយមិនស្គាល់អត្តសញ្ញាណទៀត។
លោក គង់ រី បានបញ្ជាក់បន្ថែមថា ជនល្មើសដែលដើរដាក់អន្ទាក់សត្វព្រៃនោះ រត់រួចពីជ្រូកព្រៃប្រមាញ់នោះគេចបាត់ មិនបានស្កាល់អត្តសញ្ញាណនោះទេ បន្សល់ទុកនៅតែជនរងគ្រោះនៅនឹងកន្លែងកើតហេតុ ជនរងគ្រោះរបួសជួសព្រាននោះមានឈ្មោះអ៊ីន ត្រឿន មានទីលំនៅភូមិកេស ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែង។ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តសឹ្ទងត្រែងហើយ តែនៅពេលនេះនៅមិនទាន់ដឹងថាបានធូរស្រាលឬយ៉ាងណានោះទេ ។
លោក គង់ រី ប្រធានសហគមន៍ព្រៃតាម៉ៅ ក៏បានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ សូមឱ្យជួយទប់ស្កាត់ការបរបាញ់ដាក់អន្ទាក់សត្វព្រៃទាំងនេះផង ព្រោះវាអាចបង្ករហានីភ័យដល់ បងប្អូនប្រជាពលរដ្ឋនៅតាមទីជនបទដាច់ស្រយាល ដែលទៅឃ្វាលគោក្របី ដើរបោចវល្លិ៍ផ្តៅកន្លងមកនេះ មានអ្នកខ្លះត្រូវបានដើរជាន់អន្ទាក់សត្វព្រៃ ដោយមិនដឹងខ្លួនវ័ធដាច់ជើងពិការភាពក៏មាន និងធ្វើឲ្យជាប់គោឬក្របីបាត់ជារឿយៗផងដែរ។
លោក គង់ រី ក៏ដូចអ្នកភូមិពួកគាត់សង្ឃឹមថា: សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមានកិច្ចសហការ ជាមួយសហគមន៍ព្រៃតាម៉ៅ ចុះល្បាតបង្រ្កាបទប់ស្កាត់រាល់បទល្មើសទាំងនេះ ដើម្បីអភិរក្សសត្វព្រៃដែលនៅសេសសល់ទុកឲ្យកូនចៅជំនាន់ក្រោយស្គាល់ផង និងសុវត្ថិភាពដល់អ្នកភូមិទាំងមូលផង៕
ដោយ ៖ មាស សុផាត