បើទោះបីករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសអូស្ត្រាលីកើនឡើងខ្ពស់ក៏ដោយ ក៏រដ្ឋាភិបាលប្រទេសនេះបានប្រកាសថា ស្ថានភាពនៃការឆ្លងគឺដូចជាការព្យាករណ៍ទុកជាមុន។ ដូច្នេះអូស្ត្រាលីបានត្រៀមលក្ខណៈប្រឈមមុខជាមួយការឆ្លងដោយមិនបិទខ្ទប់ទ្រង់ទ្រាយធំដូចមុនឡើយ។
មួយសប្តាហ៍កន្លងមក អូស្ត្រាលីមានករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់។ នៅថ្ងៃទី១៣ខែធ្នូ ក្នុងរដ្ឋ New South Wales មានករណីឆ្លងកូវីដ-១៩ចំនួន៥៣៦នាក់ក្នុងរយៈពេល២៤ម៉ោង។
ចំណែកថ្ងៃទី១៧ខែធ្នូនេះ នៅក្នុងរដ្ឋនេះមានករណីឆ្លងដល់ទៅ២.២១៣នាក់ក្នុងរយៈពេល២៤ម៉ោងដូចគ្នា ។ ទាំងនោះបង្ហាញឱ្យឃើញថា ករណីឆ្លងបានកើនឡើងដល់ទៅ៤ដងក្នុងរយៈពេលតែ៥ថ្ងៃប៉ុណ្ណោះ។ បើទោះបីមានករណីឆ្លងកើនឡើងក្តីក៏ពលរដ្ឋអូស្ត្រាលីនៅតែចេញទៅខាងក្រៅច្រើនជាងមុនដែរ។
មិនត្រឹមតែនៅរដ្ឋ NSWទេ នៅរដ្ឋផ្សេងទៀតដូចជា Victoria ក៏មានករណីឆ្លងកើនឡើងដល់ទៅ១.៥០៣នាក់ក្នុងមួយខែ។ នៅថ្ងៃទី១៧ខែធ្នូ ក្រសួងសុខាភិបាលអូស្ត្រាលីបានប្រកាសថា បានរកឃើញករណីឆ្លងកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង នៅតំបន់ជាច្រើនក្នុងប្រទេស។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Morrison បានបញ្ជាក់ថា «បច្ចុប្បន្នយើងកំពុងស្ថិតនៅក្នុងដំណាក់កាលផ្សេងទៀតនៃកូវីដ-១៩ ។ ចំនួនពលរដ្ឋចាក់វ៉ាក់សាំងបានពីរដូសមានជាង៩០% ហើយមានពលរដ្ឋជាង១លាននាក់បានចាក់ដូសទីបីឬដូសជំរុញ៕
ដោយ៖ធីរីណា(រូបថត៖AAP)