ក្លិបកំពូលៗនៅអឺរ៉ុបកំពុងគំរាមមិនបញ្ចេញកីឡាករសម្រាប់ការប្រកួត Africa Cup of Nations (AFCON) ដែលនឹងធ្វើឡើងនៅប្រទេសកាមេរូន ដោយសារការភ័យខ្លាចជុំវិញពិធីសារសុខភាព COVID-19 របស់ខ្លួន។សមាគមក្លិបអឺរ៉ុប ដែលតំណាងឱ្យក្លិបឈានមុខគេនៅទូទាំងទ្វីបបានបង្ហាញពីការព្រួយបារម្ភរបស់ខ្លួននេះទៅដល់ FIFA នៅក្នុងលិខិតមួយដែលចេញផ្សាយដោយសារព័ត៌មាន AFP ផងដែរ។
ក្នុងលិខិតនោះបានឲ្យដឹងថា “ទាក់ទងនឹងពិធីសារដែលអាចអនុវត្តបានតាមដែលយើងដឹង CAF (សហព័ន្ធបាល់ទាត់អាហ្រ្វិក) មិនទាន់បានធ្វើឱ្យមានពិធីសារវេជ្ជសាស្រ្ត និងប្រតិបត្តិការសមរម្យសម្រាប់ការប្រកួត AFCON នៅឡើយទេ ក្នុងករណីដែលមិនមានក្លិបណាមួយនឹងមិនអាចឲ្យកីឡាករទៅបាន”។ការប្រកួត Cup of Nations ដែលត្រូវបានពន្យារពេលកាលពីឆ្នាំមុន ដោយសារវិបត្តិ COVID-19 នឹងត្រូវចាប់ផ្តើមនៅប្រទេសកាមេរូននៅថ្ងៃទី៩ ខែមករា ហើយដំណើរការរហូតដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២។
កីឡាករជាច្រើនរបស់ទ្វីបអាហ្រ្វិកដែលកំពុងលេងនៅក្លិបនានាក្នុងទ្វីបអឺរ៉ុប រួមមានក្រុម Liverpool មានកីឡាករMohamed Salah និង Sadio Mane, ក្លិប Manchester City មានកីឡាករ Riyad Mahrez, ក្លិប Paris Saint-Germain មានកីឡាករ Achraf Hakimi និង IdrissaGana Gueye ។សមាគមបាល់ទាត់ទ្វីបអឺរ៉ុប (ECA) ក៏បានលើកឡើងពីការព្រួយបារម្ភអំពីគ្រោះថ្នាក់របស់កីឡាករដែលមិនមានសម្រាប់រយៈពេលយូរជាងនេះ ដោយសារតែពេលវេលាសម្រាប់ការរឹតបន្តឹងការធ្វើដំណើរ ឬការដាក់ឱ្យនៅដាច់ពីគេជាកាតព្វកិច្ចត្រូវបានណែនាំ ជាពិសេសទាក់ទងនឹងការគំរាមកំហែងដែលកំពុងកើតមានដែលបង្កឡើងវីរុសប្រភេទថ្មី Omicron ។
យោងតាមច្បាប់របស់ FIFA សម្រាប់ការអនុញ្ញតឲ្យកីឡាករចូលរួមកាតព្វកិច្ចអន្តរជាតិអំឡុងពេលជំងឺរាតត្បាត ក្លិបនានាអាចរក្សាកីឡាករបានប្រសិនបើ “មានការដាក់ឱ្យនៅដាច់ដោយឡែកពីគេយ៉ាងហោចណាស់៥ថ្ងៃនៅពេលមកដល់” នៅកន្លែងដែលការប្រកួតក្រុមជម្រើសជាតិនឹងត្រូវធ្វើឡើង ឬពេលកីឡាករត្រឡប់មកក្លិបវិញ។
កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃ ECA ដែលតំណាងឱ្យក្លិបអឺរ៉ុបជិត២៥០កាលពីថ្ងៃទី២ ខែធ្នូបានឲ្យដឹងថា គោលការណ៍ទាំងនេះត្រូវតែគោរពយ៉ាងតឹងរ៉ឹង។ នេះបើយោងតាមលិខិតដែលបានផ្ញើទៅអគ្គលេខាធិការរងរបស់ FIFA លោក Mattias Grafstroem ។
ក្លិបនានាអាចបាត់បង់កីឡាករដែលត្រូវបានកោះហៅសម្រាប់ការប្រកួតដែលមាន២៤ក្រុមចាប់ពីដើមថ្ងៃទី២៧ ខែធ្នូ ដែលជាបញ្ហាសម្រាប់កីឡាករដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេសដែលមានកាលវិភាគប្រកួតដ៏មមាញឹកក្នុងអំឡុងវិស្សមកាលនៅចុងខែធ្នូ និងដើមខែមករា ៕
ដោយ៖ ភារៈ(រូបភាព ៖ AFP/CNA)