ខេត្តកំពង់ឆ្នាំង ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា អាវុធគ្រប់ប្រភេទ រួមទាំងសម្ភារយោធាផ្សេងៗ របស់សហរដ្ឋអាមេរិក ត្រូវបានប្រមូលជាបណ្ដើរៗ និងបានជាបន្តបន្ទាប់ហើយ គ្រោងនឹងកម្ទេចចោលសម្រាប់របស់ប្រើប្រាស់មិនកើត និងរបស់ដែលប្រើបានត្រូវរក្សាទុកក្នុងឃ្លាំង ឬសារមន្ទីរ ។ នេះជាការលើកឡើងរបស់សម្តេចពិជ័យសេនា ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ទីលានបាញ់គ្រាប់ពិត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធ ហត្ថភ្នំជំរាយស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ។
សម្ដេចពិជ័យសេនា មានប្រសាសន៍បន្តថា ការប្រមូលអាវុធ និងសម្ភារយោធារបស់អាមេរិកកំពុងដំណើរការ ខណៈអាវុធមួយចំនួនមានសភាពចាស់ មិនអាចប្រើ ប្រាស់បានដោយភាគតិចណាស់ដែលអាចប្រើបាន ។
សម្ដេចពិជ័យសេនាបានបន្តថា កន្លងមកក្រសួងការពារ ជាតិបានទុកដាក់ក្នុងឃ្លាំង ឬនៅក្នុងសារមន្ទីរ ប៉ុន្តែបច្ចុប្បន្នគ្រប់អង្គភាពកំពុងប្រមូល ក្នុងការត្រួតពិនិត្យមើលពីចំនួនឲ្យបានច្បាស់លាស់ដើម្បីរក្សាទុក ឬដល់កម្រិតមួយបំផ្លាញ់ចោល ឬយ៉ាងណាព្រោះអាវុធ និងគ្រឿងបំពាក់នេះកាលណាដល់អាយុកាលពេលចាស់ពេកខូចខាតធ្ងន់ធ្ងរពេកទុកនាំអន្តរាយដែរ តែងតែធ្វើការបំផ្លាញជាបន្តបន្ទាប់ ។
សម្ដេចពិជ័យសេនាបន្ថែមថា អាមេរិកថាមិនលក់អាវុធមកឲ្យកម្ពុជាទៀត នឹងកាន់តែល្អហើយ ដោយរាជរដ្ឋាភិបាលបច្ចុប្បន្នមិនដែលទិញអាវុធពីអាមេរិកដែរ ដោយអាវុធមាននៅសល់នេះ គឺប្រមូលពីសម័យសង្គ្រាមឆ្នាំ១៩៧០ ដោយជំនន់ លន់ នល់ យកមកប្រើប្រាស់ដោយមាននៅសេសសល់បាត់ឃ្លាំងនិងមួយ ចំណែកទៀតបានពីប្រភពនៃភាគីប្រយុទ្ធណាមួយ ក៏មិនបានប្រើប្រាស់ដែរ ដោយធ្វើការប្រមូលទុកដាក់បានច្បាស់លាស់ហើយកំពុងពិចារណាមើលធ្វើយ៉ាងណា ទៀតនោះ គឺសម្រេចនៅពេលក្រោយ ។
ឆ្លើយតបការដាក់ទណ្ឌកម្មជាឯកតោភាគីរបស់អាមេរិក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីពេលថ្មីៗនេះ បានបញ្ជាទៅក្រសួងការពារជាតិ ត្រូវប្រមូលនូវអាវុធ ឬសម្ភារយោធារបស់អាមេរិក ដែលប្រើប្រាស់លែងកើតត្រូវកម្ទេចចោល និងរក្សាទុក ៕
ដោយ៖ សូរិយា