ខេត្តបាត់ដំបង ៖ បុរសម្នាក់ក្រោយពីផឹកស្រាស្រវឹងបានទៅបង់ត្រីតែម្នាក់នៅស្រះក្រោយផ្ទះបណ្ដាលឲ្យរអិលជើងធ្លាក់ចូលក្នុងស្រះទឹកលង់ស្លាប់នៅថ្ងៃទី១៨ខែធ្នូ ត្រង់ចំណុចភូមិចម្ការតាប៊ុន ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
មន្រ្តីនគរបាល ប៉ុស្តិ៍រដ្ឋបាលជ្រៃសីមា បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ន ស៊ាត ភេទប្រុស អាយុ ៥៨ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ មុខរបរធ្វើស្រែ ស្នាក់នៅតែម្នាក់ឯង គ្មានសាច់ញាតិ បុរសនេះបានលង់ទឹកស្រះនៅខាងក្រោយផ្ទះពេលដែលផឹកស្រាស្រវឹងរួចទៅបង់ត្រីតែម្នាក់ឯងបណ្ដាលឲ្យរអិលជើងធ្លាក់ចូលក្នុងស្រះទឹកគ្មានអ្នកណាដឹងជួយទាន់ឡើយ ។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយពីទទួលបានព័ត៌មាន ភ្លាម កម្លាំងនគរបាលផ្នែកជំនាញ សហការជាមួយលោកគ្រូពេទ្យមណ្ឌលសុខភាពឃុំ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុខាងលើ ហើយបានសន្និដ្ឋានថា ជនគ្រោះឈ្មោះ ស៊ន ស៊ាត ពិតជាធ្លាក់ទឹកលង់ស្លាប់ប្រាកដមែន ។ បន្ទាប់ពីធ្វើការពិនិត្យរួចរាល់ សមត្ថកិច្ចបានប្រគល់សាកសពជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ប្រាថ្នា