ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់តខ្សែភ្លើង ឆក់ត្រីមិនប្រយ័ត្នឆក់ស្លាប់ទាំងព្រឹក

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់តខ្សែភ្លើងឆក់ត្រីក្នុងស្រែខ្វះការប្រុងប្រយ័ត្នបណ្ដាលឱ្យឆ្លងភ្លើងឆក់បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិនាំគ្នាជួយសង្គ្រោះលើកដាក់កប់ខ្សាច់តែអកុសលហួសពេលទៅហើយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅភូមិព្រៃបឹង ឃុំម៉ឺនជ័យ  ស្រុករំដួល ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសខាងលើមានឈ្មោះឆុង សាភ័ណ្ឌ អាយុ៣៩ឆ្នាំមុខរបរកសិករ រស់នៅភូមិព្រៃបឹងឃុំម៉ឺនជ័យ  ស្រុករំដួល ខេត្តស្វាយរៀង។

ប្រភពបន្តថា បន្ទាប់ពីសមត្ថកិច្ចទទួល ព័ត៌មានពី ប្រជាពលរដ្ឋបានរាយការណ៍តាមរយៈទូរស័ព្ទមកប៉ុស្តិ៍ថាមានករណីឆក់ខ្សែភ្លើងស្លាប់ ទើបកម្លាំងជំនាញស្រុកបានសហការជាមួយប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យមណ្ឌលសុខភាពថ្នាថ្នង់ ចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យសពនិងសន្និដ្ឋានថាពិតជាស្លាប់ដោយឆក់ខ្សែភ្លើងប្រាកដមែនដោយមិនមានស្លាកស្នាមអ្វីដែលសំគាល់ជារឿងឃាតកម្មនោះទេ។
តាមអ្នកភូមិបានឱ្យដឹងថាមុនកើតហេតុគេឃើញបុរសរងគ្រោះបានដើរទៅស្រែមានទឹកដោយមានកាន់ប្រដាប់ឆក់និងខ្សែភ្លើងទៅជាមួយ។

ក្រោយមកស្រាប់តែមានការភ្ញាក់ផ្អើលថាបានឆក់ខ្សែភ្លើងក្នុងទឹកស្រែខ្វះការប្រុងប្រយត្ន័បណ្ដាលឱ្យស្លាប់គួរឱ្យសង្វេគ។

បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

ដោយ៖យឹម សុថាន


ចែករំលែក៖