ខេត្តតាកែវ ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោកស្រី ម៉ែន ភក្តី ហុកឡងឌី រួមជាមួយពុទ្ធបរិស័ទ បានអញ្ជើញប្រារព្ធពិធីបុណ្យពុទ្ធាភិសេកព្រះពុទ្ធរូប ៨៤.០០០អង្គ នៅវត្តពុទ្ធមណ្ឌលគិរីកម្ពុជា ស្ថិតក្នុងភូមិត្រពាំងស្ការ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ នារាត្រី ថ្ងៃអាទិត្យ ១៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។
សូមបញ្ជាក់ថា, ព្រឹត្ដិការណ៍ព្រះពុទ្ធសាសនានេះ អាចប្រព្រឹត្តទៅបាន ដោយសារតែប្រទេស មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជណាចក្រកម្ពុជា តែងតែគោរពសិទ្ធ សេរីភាព របស់ប្រជាពលរដ្ឋ ខាងជំនឿ ក្នុងការគោរពពុទ្ធសាសនា និងយល់ថា ទំនាក់ទំនងរវាងជំនឿ សាសនា និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋពិតជាមិនអាចកាត់ផ្ដាច់បានឡើយ ។ ចំណែកឯប្រជាពលរដ្ឋកម្ពុជាចាត់ទុកវិស័យព្រះពុទ្ធសាសនា គឺជាផ្នែកមួយនៃអត្ដសញ្ញាណជាតិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ។
ពិធីពុទ្ធសាសនាដ៏សំខាន់មួយនេះ នឹងបានចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនាឲ្យកាន់តែរីកចម្រើនទូលំទូលាយឡើង ដើម្បីបុព្វហេតុសន្ដិភាព ស្ថិរភាពសុខដុមរមនានៅក្នុងសង្គម និងការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព និងផ្ដល់ឱកាសដល់ពុទ្ធសាសនិកជន និងពុទ្ធសាសនូបត្ថម្ភក៍ ដែលបានអញ្ជើញមកពីទីជិតទីឆ្ងាយ ចូលរួមធ្វើបុណ្យដ៏ធំនេះ ដែលឆ្លុះបញ្ច៉ាំងឲ្យឃើញពីមហាសាមគ្គីភាពក្នុងសង្គមកម្ពុជាទាំងមូល ក៏ជាឱកាសបង្កើននូវសេចក្ដីគោរពស្រលាញ់គ្នា ទៅវិញទៅមករួមចំណែកកាត់បន្ថយ និងលុបបំបាត់អំពើអកុសល និងអំពើហិង្សាផងទាំងពួងក្នុងសង្គម និងឈោងចាប់យកសុខសន្ដិភាពដ៏ពេញលេញ រួមជាមួយ សុខុមាលភាពផ្លូវកាយ ផ្លូវចិត្ដ ដែលធ្វើឲ្យសង្គមជាតិកាន់តែមានការអភិវឌ្ឍន៍ប្រកបដោយសេចក្ដីសុខក្សេមក្សាន្ដ៕
ដោយ៖ សិលា