ព័ត៌មានទាន់ហេតុការណ៍៖

ឱក សុគន្ធកញ្ញា បង្ហាញអារម្មណ៍យល់ចិត្ត ហ៊ិន ច័ន្ទនីរ័ត្ន ក្រោយផ្ទុះរឿងមិនទទួលស្គាល់ម្តាយ

ចែករំលែក៖

ភ្នំពេញ៖ ដំណឹងតារាសម្តែង និងពិធីការិនី កញ្ញា ហ៊ុន ច័ន្ទនីរ័ត្ន មិនទទួលស្គាល់ម្តាយបង្កើតក្រោមហេតុផលសង្ស័យតូចចិត្តនឹងម្តាយបានយកខ្លួនទៅឲ្យសាច់ញាតិចិញ្ចឹមចាប់តាំងពីវ័យ៣ខួបមកនោះបានធ្វើឲ្យអ្នកគាំទ្រនាងចាប់អារម្មណ៍នឹងសម្តែងអារម្មណ៍អាណិតនាងជាខ្លាំង។  ស្រាប់តែពេលនេះគេបានចាប់អារម្មណ៍ខ្លាំងទៅលើករណីនៃតារាចម្រៀង ឱក សុគន្ធកញ្ញា ដែលធ្លាប់ល្បីថា រស់នៅឆ្ងាយមិនជិតដិតនឹងឪពុកបង្កើតនោះបានបញ្ចេញសារនៅហ្វេសប៊ុក ហ៊ិន ច័ន្ទនីរ័ត្នបែបមនុស្សយល់ចិត្តខ្វះភាពកក់ក្តៅពីអ្នកមានគុណនោះ។

    គេចាំថាកាលពីថ្ងៃទី១៥ ខែ ធ្នូឆ្នាំ ២០២១គណនីយហ្វេសប៊ុកមួយដែលជាប្អូនស្រីបង្កើតរបស់កញ្ញាហ៊ិន ច័ន្ទនីរ័ត្នបានបង្ហោះសារជុំវិញកញ្ញា ហ៊ិន ច័ន្ទនីរ័ត្នមិនទទួលស្គាល់ម្តាយបង្កើតដែលមានវ័យចំណាស់រហូតបង្កើតឲ្យមានការភ្ញាក់ផ្អើល ហើយមុននេះទើបមានការទម្លាយហេតុផលខ្លះថាព្រោះតែការតូចចិត្តដែលនាងខ្វះភាពកក់ក្តៅពីម្តាយឪពុកដោយមករស់នៅជាមួយម្តាយចិញ្ចឹមចាប់តាំងពីនាងមានវ័យ៣ខួបមកម្ល៉េះ។ ខណៈដែលគេចាំបានដែរថា កាលពីអំឡុងចុងខែមិថុនា ឆ្នាំ ២០២០ ករណីផ្ទុះកក្រើកផ្អើលអស់មហាជនជុំវិញឪពុកបង្កើតរបស់អ្នកនាង ឱក សុគន្ធកញ្ញា គឺលោក ឱក បូនី បានបញ្ចេញសារតូចចិត្តត្បិតតែកូនស្រីមិនបានសួរសុខទុក្ខ រហូតមានការងើយឆ្ងល់ខ្លាំងថាហេតុអ្វីបានជាតារាចម្រៀងរូបនេះមិនរវល់នឹងឪពុក។ ហេតុផលត្រូវបានទម្លាយខ្លះៗថា ដោយសារបញ្ហាឪពុកម្តាយចែកផ្លូវគ្នាគ្រាដែលនាងនៅតូចនិងរស់នៅតែជាមួយម្តាយដោយភាពតស៊ូ ទើបគម្លាតមនោសញ្ចេតនារវាងតារាស្រីរូបនេះនិងឪពុកកាន់តែឆ្ងាយនោះ។ 

ក្រោយពីផ្ទុះករណីនៃការទម្លាយសាររបស់ប្អូនស្រីបង្កើតកាលពីពេលថ្មីៗនេះរហូតផ្អើលអស់មហាជន តារាសម្តែង ហ៊ិន ច័ន្ទនីរ័ត្នមិនបានតបត ឬបញ្ចេញប្រតិកម្មណាមួយឡើយ ខណៈដែលនាងទទួលបានក្តីអាណិតកាន់តែខ្លាំង និងលើកទឹកចិត្តនាងជាហូរហែរ ហើយមុននេះនាងបានបង្ហោះសារដោយខ្លី បែបស្រទន់ទៅកាន់អ្នកគាំទ្រមុននេះថា”អរគុណសម្រាប់ក្តីស្រលាញ់អ្នកទាំងអស់គ្នាដែលបានផ្តល់ឲ្យនាងខ្ញុំ”។ ពាក្យខ្លីមានន័យជ្រៅនេះកាន់តែធ្វើឲ្យសារបង្ហោះ និងចែករំលែកជាច្រើនត្រូវបានផុសឡើងនៅលើគណនីយហ្វេសប៊ុកដែលមានអ្នកគាំទ្រនាងច្រើនជាង១លាននាក់នោះ ហើយបើទោះបីជាសារលើកទឹកចិត្តនោះមិនបានរំសាយសម្ពាធនាងចេញពីខ្លួនទាំងស្រុងក៏ដោយ។ វាក៏បានឆ្លុះបញ្ចាំងពីភាពចាស់ទុំក្នុងនាមជាមនុស្សម្នាក់ដែលសាកសមនឹងទទួលបានតំណែងជាតារាស្រីលំដាប់ជួរមុខ និងមិនដែលជំពប់រឿងអាស្រូវម្តងណាឡើយ ។ អ្វីដែលធ្វើឲ្យទស្សនិកជនមានកាត់សម្គាល់ នៅក្នុងការបញ្ចេញយលប់នៅលើសំណេរនេះដែរនោះគឺគេបានសង្កេតឃើញតារាចម្រៀង ឱក សុគន្ធកញ្ញា បានប្រើប្រាស់គណនីហ្វេសប៊ុកផ្ទាល់ខ្លួនចូលមកបញ្ចេញយោបល់ដោយការលើកទឹកចិត្ត និងបែបជាមនុស្សយល់ពីអារម្មណ៍របស់ហ៊ិន ច័ន្ទនីរ័ត្នថា”ព្រោះគេមិនមែនយើង Be Strong Oun Love u ។ គ្រាន់តែការបញ្ចេញយោបល់បែបជាមនុស្សអាចយល់ពីអារម្មណ៍ខ្វះភាពកក់ក្តៅនេះមានទស្សនិកជនជាច្រើនបានចូលទៅឆ្លើយតប និងគាំទ្រការលើកឡើងរបស់តារាចម្រៀងរូបនេះផងដែរ ដោយមានអ្នកគាំទ្រម្នាក់លើកឡើងថា ខ្ញុំជឿជាក់លើបងកញ្ញា ប្អូនរ័ត្ន ថាអ្វីគួរអ្វីមិនគួរ យល់ចិត្តអ្នកទាំងពីរ ព្រោះពេលនោះថ្ងៃនោះមិនមែនអ្នកទាំងពីរជាអ្នកសម្រេចចិត្ត។ ក្នុងនោះដែរ កញ្ញាហ៊ិន ច័ន្ទនីរ័ត្នក៏បានទាំងថ្លែងអំណរគុណទៅកាន់តារាចម្រៀងឱកសុគន្ធកញ្ញាដែលបានលើកទឹកចិត្តនាងផងដែរ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖