ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រី​ក្រសួង​ការងារ​ ៖​ ស្នើសុំថ្នាក់ដឹកនាំក្រសួង ស្ថាប័ន វិស័យឯកជន និងអង្គភាពពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់បន្ថែមទៀត​ ដើម្បីផ្លាស់ប្តូរ និងលើកស្ទួយរចនាសម្ព័នឧស្សាកម្ម ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មពលកម្មផ្អែកលើជំនាញនៅឆ្នាំ២០២៥

ចែករំលែក៖

ភ្នំពេញ៖ គណៈកម្មការអន្តរក្រសួងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្ត គោលនយោបាយជាតិស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ បានបើកកិច្ចប្រជុំលើកទី៦ របស់ខ្លួន តាមប្រព័ន្ធវីដេអូ (Zoom) នាព្រឹកថ្ងៃទី២២  ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាព លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងជាប្រធានគណៈកម្មការអន្តរក្រសួង ។ 

កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងក្រសួង ស្ថាប័ន អភិបាល និង អភិបាលរងរាជធានី-ខេត្ត ដែលជាសមាជិក សមាជិការនៃគណ:កម្មការអន្តរក្រសួង ព្រមទាំងតំណាងអង្គការអន្តរជាតិខាងការងារ (ILO) និងអង្គភាពពាក់ព័ន្ធ។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងវាយតម្លៃពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ និងបញ្ហាប្រឈមនៅក្នុងបរិបទជំងឺកូវីដ-១៩។

ក្នុងនាមជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ លោកបណ្ឌិត អ៉ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបាននាពេលកន្លងមក ដែលឆ្លុះបញ្ចាំងអោយឃើញថា ទោះបីជាប្រទេសយើងបានរងការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរពីវិបត្តិនៃជំងឺកូវីដ-១៩ ដែលប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គម និងជាឧបសគ្គរារាំងក្នុងការអនុវត្តសកម្មភាពលើគ្រប់វិស័យក៏ដោយ ក្រសួង ស្ថាប័នពាក់ព័ន្ធនៅតែខិតខំបំពេញតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវដើម្បីសម្រេចបាននូវគោលបំណងជាសសរស្តម្ភទាំងបីនៃគោលនយោបាយ ៖ រួមមាន (១) ការបង្កើនឱកាសការងារសមរម្យ និងមានផលិតភាពការងារខ្ពស់ (២) ការលើកកម្ពស់ការអភិវឌ្ឍជំនាញ និងធនធានមនុស្ស និង (៣) ការពង្រឹងអភិបាលកិច្ចទីផ្សារការងារ។ ជាក់ស្ដែង នៅក្នុងកិច្ចប្រជុំលើកទី៦នេះ គណៈកម្មការអន្តរក្រសួងបានពិនិត្យ  និងអនុម័តរបាយការណ៍ឆ្នាំ២០២០ សម្រាប់ការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥។

ជាការកត់សម្គាល់ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធបានសម្រេចនូវសមិទ្ធផលជាច្រើន ជាពិសេស ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លើយតបនឹងវិបត្តិនេះ ដោយភាពស្វាហាប់ និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប្រកបដោយស្មារតីបុរេសកម្មសំដៅកាត់បន្ថយផលប៉ះពាល់ និងគាំទ្រដល់សកម្មភាពសង្គម-សេដ្ឋកិច្ច ដោយរក្សាបាននូវការងារ, លំនឹងជីវភាពប្រជាជន និងធុរកិច្ច។

ជាក់ស្ដែង វឌ្ឍនភាពសំខាន់ៗនៃការអនុវត្តគោលនយោបាយក្នុងឆ្នាំ២០២០ ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង ស្ថាប័នខិតខំសម្រេចបានរួមមាន៖ ការក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, បានអនុម័តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ថ្មីចំនួន ១៩៥គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៤៣គម្រោង ដែលអាចបង្កើតការងារបានប្រមាណ ១៥១ ០០០កន្លែង, បានរៀបចំផែនការ និងយុទ្ធសាស្ត្រស្តីពីការទាក់ទាញវិនិយោគចំគោលដៅ, បានដាក់ចេញគោលនយោបាយលើកទឹកចិត្តពន្ធ និងអនុគ្រោះពន្ធដើម្បីជួយសម្រួលដល់វិស័យអាទិភាពដែលរងគ្រោះដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩, បានធ្វើកំណែទម្រង់ទំនើបកម្មពីការចុះបញ្ជីអាជីវកម្ម ការទូទាត់សេវាសាធារណៈ និងការទទួលវិញ្ញាបនបត្រចុះបញ្ជីតាមប្រព័ន្ធស្វ័យប្រវត្តិកម្មទាំងស្រុង   តាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន (CamDx), បានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់សិស្ស និស្សិតក្នុងប្រព័ន្ធ សរុបចំនួន ១៨ ៤៩៤នាក់ (ស្រី ៦ ៧០៨នាក់) និងក្រៅប្រព័ន្ធចំនួន ១៩ ៧២៧នាក់ (ស្រី ៩ ៣២០នាក់) និងអនុវត្តកម្មវិធីបណ្តុះបណ្តាលស្ពានចម្លងបន្តជំនាញដែលមានសិស្សសរុបចំនួន ៣ ៤០០នាក់ (ស្រី ១ ៥៥០នាក់), បានដាក់ចេញនូវផែនការសកម្មភាពធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៩-២០២៣, បានប្រមូល និងផ្សព្វផ្សាយព័ត៌មានស្តីពីការជ្រើសរើសកម្លាំងពលកម្មពីគ្រប់ប្រភពចំនួន  ១៨៤ ៨០៨កន្លែង, បានរៀបចំរបាយការណ៍ស្តីពីបច្ចុប្បន្នភាពទីផ្សារការងារ, បានផ្តល់សេវាប្រឹក្សាយោបល់អំពីអាជីពការងារ និងវិជ្ជាជីវៈដល់អ្នកស្វែងរកការងារចំនួន ៦ ២៣៨នាក់, បានចុះឈ្មោះអ្នកស្វែងរកការងារធ្វើចំនួន ១៧ ២០២នាក់, និងអ្នកស្វែងរកការងារធ្វើបានទទួលការងារធ្វើចំនួន ៤ ៧៥៣នាក់, បានធ្វើកំណែទម្រង់ប្រព័ន្ធអធិការកិច្ចការងារ ព្រមទាំងបានរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមពាក់ព័ន្ធនឹងវិស័យការងារ, បានដំឡើងប្រាក់ឈ្នួលអប្បបរមាជាប្រចាំសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង, បានសិក្សាក្នុងការពង្រីកទីផ្សារការងារនៅក្រៅប្រទេសជាពិសេស ប្រទេសអភិវឌ្ឍ ដែលមានលក្ខខណ្ឌការងារល្អ និងប្រាក់ឈ្នួលខ្ពស់ ព្រមទាំងពង្រឹងយន្តការការពារពលករខ្មែរនៅបរទេសតាមរយៈអនុព័ន្ធទទួលបន្ទុកពលករអមស្ថានទូតកម្ពុជា និងមន្ត្រីទទួលបន្ទុកកិច្ចការកុងស៊ុលនៃស្ថានទូតកម្ពុជានៅតាមប្រទេសគោលដៅផងដែរ។

លោករដ្ឋមន្ត្រី បានស្នើសុំថ្នាក់ដឹកនាំក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត វិស័យឯកជន និងអង្គភាពពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការចូលរួមអនុវត្តគោលនយោបាយនេះដើម្បីធ្វើការផ្លាស់ប្តូរ និងលើកស្ទួយរចនាសម្ព័នឧស្សាកម្ម ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មពលកម្មផ្អែកលើជំនាញនៅឆ្នាំ២០២៥ ក៏ដូចជាការលើកកម្ពស់ការប្រកួតប្រជែង និងផលិតភាព សំដៅប្រែក្លាយពីឧស្សាហកម្មមានតម្លៃបន្ថែមទាប ទៅជាឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ស្របតាមគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានកំណើនខ្ពស់ប្រកបដោយចីរភាព និងបរិយាប័ន្ន សម្រាប់ភាពសុខដុមក្នុងសង្គមដោយផ្តល់ជូនប្រជាពលរដ្ឋនូវឱកាសការងារសមរម្យ និងប្រកបដោយផលិតភាពការងារខ្ពស់ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។ ការចូលរួមយ៉ាងសកម្មពីសំណាក់ ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ពិតជាមានភាពចាំបាច់ណាស់ ដើម្បីជំរុញឲ្យការអនុវត្តគោលនយោបាយនេះកាន់តែមានប្រសិទ្ធភាព និងលទ្ធផលកាន់តែប្រសើរ។ 

លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ចំពោះអង្គការអន្តរជាតិខាងការងារ (ILO) ដែលតែងតែបានផ្តល់កិច្ចសហការយ៉ាងជិតស្និត ក្នុងការផ្តល់ជំនួយថវិការ ព្រមទាំងបច្ចេកទេសមកលេខាធិការដ្ឋាន គ.អ.ម.ក នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ក្នុងការសម្របសម្រួលការអនុវត្តគោលនយោបាយនេះ។ ជាការពិត អង្គការអន្តរជាតិខាងការងារ (ILO) គឺជាដៃគូរយ៉ាងសំខាន់ដែលមិន អាចខ្វះបាននៅក្នុងការអភិវឌ្ឍន៍វិស័យការងារនៅកម្ពុជា៕

ដោយ​៖ស​ តារា​


ចែករំលែក៖