ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសេចក្តីថ្លែងការណ៍រួម រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២១ មានចំនួន ១៦ចំណុចសំខាន់ៗ រួមមាន :
១. តាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា លោក ង្វៀន សួនហ៊្វុក ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម មកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។
ក្នុងឱកាសបំពេញទស្សនកិច្ចនេះ លោកប្រធានរដ្ឋ ង្វៀន សួនហ៊្វុក បានចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ។ លោកប្រធានរដ្ឋ ក៏បានអញ្ជើញជួប ជាមួយ សម្តេចវិបុល សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក កម្ពុជា។
លោកប្រធានរដ្ឋ ង្វៀន សួនហ៊្វុក ក៏បានចូលថ្វាយបង្គំ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ព្រះមហាសង្ឃរាជគណៈមហានិកាយ និងសម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី ព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងបានអញ្ជើញដាក់កម្រងផ្កា នៅមណ្ឌលព្រះបរមរូបព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” វិមានឯករាជ្យ និងស្តូបអនុស្សាវរីយ៍មិត្តភាពកម្ពុជា-វៀតណាម។ លោកប្រធាន រដ្ឋ ង្វៀន សួនហ៊្វុក ក៏បានអញ្ជើញចូលរួមជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងពិធី សម្ពោធបើកការដ្ឋានសាងសង់អគាររដ្ឋបាលថ្មីនៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលជា អំណោយពីបក្សកុម្មុយនីស្ត រដ្ឋ និងប្រជាជនវៀតណាម ចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។
២. ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោក ង្វៀន សួនហ៊្វុក មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងតួនាទីជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយម វៀតណាម។ ដំណើរទស្សនកិច្ចនេះក៏ជាការបើកឆ្នាំមិត្តភាពកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា ឆ្នាំ ២០២២ ផងដែរ។ ក្នុងបរិយាកាសនៃសាមគ្គីភាព មិត្តភាព ការយោគយល់ និងការជឿទុកចិត្តគ្នាទៅ វិញទៅមក ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានជម្រាបគ្នាទៅវិញទៅមកអំពីការអភិវឌ្ឍនាពេលបច្ចុប្បន្ន
របស់ប្រទេសរៀងៗខ្លួន និងបានផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការ ទ្វេភាគី ក៏ដូចជា បញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍រួម។
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំកម្ពុជាផ្សេងទៀត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក ង្វៀន សួនហ៊្វុក និង គណៈប្រតិភូជាន់ខ្ពស់វៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ដែលបានរួមចំណែកបន្ត ពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងទំនាក់ទំនងជាប្រពៃណី រវាងប្រទេសជិតខាងទាំងពីរ។ ថ្នាក់ ដឹកនាំកម្ពុជាបានកោតសរសើរចំពោះសមិទ្ធផលដ៏វិសេសវិសាលដែលប្រទេសជាតិ និងប្រជាជន វៀតណាមសម្រេចបានក្នុងបុព្វហេតុនៃកំណែទម្រង់ ការកសាង និងការអភិវឌ្ឍជាតិ ព្រមទាំងបាន ជូនពរបជាជនវៀតណាមឱ្យអនុវត្តសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតបក្សលើកទី ១៣ ប្រកបដោយជោគជ័យ ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម ដើម្បីវិបុលភាពរបស់ប្រទេស វៀតណាម ជាមួយនឹងការទទួលបាននូវតួនាទី និងមុខតំណែងសំខាន់ៗបន្ថែមទៀត នៅក្នុងតំបន់ និង ពិភពលោក។
លោក ង្វៀន សួនហ៊្វុក បានសាទរចំពោះសមិទ្ធផលជាប្រវត្តិសាស្ត្រ និងសំខាន់ៗ ដែលព្រះរាជាណាចក្រ កម្ពុជា និងប្រជាជនកម្ពុជាសម្រេចបានក្រោមព្រះរាជដឹកនាំប្រកបដោយព្រះបញ្ញាញាណរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងភាពជាអ្នកដឹកនាំប្រកបដោយគតិបណ្ឌិតនៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងបុព្វហេតុនៃការ កសាង និងអភិវឌ្ឍប្រទេសជាតិ ស្ថិរភាពនយោបាយ-សង្គម និងលើកកម្ពស់តួនាទី និងមុខមាត់របស់ ប្រទេសកម្ពុជា ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។ លោកប្រធានរដ្ឋបានជូនពរដោយស្មោះ ចំពោះកម្ពុជាឱ្យសម្រេចបានជោគជ័យក្នុងការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២២ និងការ បោះឆ្នោតសកល ឆ្នាំ២០២៣ ដែលនឹងរួមចំណែកដល់ការសម្រេចបានគោលដៅប្រែក្លាយកម្ពុជាទៅ ជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូល ខ្ពស់នៅឆ្នាំ២០៥០។
៣. ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះការរីកចម្រើនប្រកបដោយភាពគ្រប់ជ្រុងជ្រោយ ជិតស្និទ្ធ កាន់តែរឹងមាំ និងមានប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការកម្ពុជា-វៀតណាម ក្នុងរយៈពេល ៥៥ ឆ្នាំ កន្លងមក ដែលបាននាំមកនូវផលប្រយោជន៍យ៉ាងធំធេងដល់ប្រជាជននៃប្រទេសទាំងពីរ។ ទោះបីជា ស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ យ៉ាងណាក្តី ក៏ទំនាក់ទំនងនយោបាយរវាងប្រទេស ទាំងពីរត្រូវបានពង្រឹងជាបន្តបន្ទាប់តាមរយៈការរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ការជួបប្រជុំ ដោយផ្ទាល់ ជំនួបតាមទូរស័ព្ទ និងការពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូ ខណៈយន្តការសហប្រតិបត្តិការ ទ្វេភាគីត្រូវបានធានាដំណើរការជាបន្តបន្ទាប់យ៉ាងមានប្រសិទ្ធភាព។ ដោយឈរលើប្រពៃណីនៃការឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ភាគីទាំងពីរបានសម្របសម្រួលយ៉ាងជិតស្និទ្ធ និងផ្តល់ ការគាំទ្រគ្នាទៅវិញទៅមកជាទៀងទាត់ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពក្នុងការប្រយុទ្ធ ប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។
ភាគីកម្ពុជាបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះជំនួយឧបត្ថម្ភ និងការគាំទ្រយ៉ាងមុតមាំដល់ ថ្នាក់ដឹកនាំគ្រប់ជំនាន់ និងប្រជាជនវៀតណាម បានផ្តល់ជូនប្រជាជនកម្ពុជានាពេលកន្លងមក និងក្នុង ពេលបច្ចុប្បន្ន និងបញ្ជាក់ថាកម្ពុជានឹងចងចាំជានិច្ចចំពោះជំនួយរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ផ្តល់ជូនប្រជាជនកម្ពុជា ដើម្បីរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅឆ្នាំ ១៩៧៩។
ភាគីវៀតណាមបានគូសបញ្ជាក់ថា វៀតណាមតែងតែវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងការ គាំទ្រដ៏ថ្លៃថ្លាដែលព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្ដម សីហនុ ព្រះវររាជបិតាជាតិខ្មែរ “ព្រះបរម រតនកោដ្ឋ” ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ថ្នាក់ដឹកនាំ និងប្រជាជន កម្ពុជាបានផ្តល់ជូនប្រជាជនវៀតណាមក្នុងការតស៊ូដើម្បីឯករាជ្យជាតិក្នុងអតីតកាល ក៏ដូចជាការ អភិវឌ្ឍជាតិនាពេលបច្ចុប្បន្នផងដែរ។
៤. ភាគីទាំងពីរបានសង្កត់ធ្ងន់ពីសារៈសំខាន់ និងតម្រូវការជាចាំបាច់ដើម្បីផ្ដល់អាទិភាពក្នុងការបន្តពង្រឹង និងការធ្វើឲ្យប្រសើរឡើងថែមទៀតនូវទំនាក់ទំនងទ្វេភាគីស្របតាមពាក្យស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង”។ ទន្ទឹមនេះ ភាគីទាំង ពីរគួរតែបន្តគោរពយ៉ាងពេញលេញនូវគោលការណ៍ដែលមានចែងក្នុងសេចក្តីថ្លែងការណ៍រួមរវាង កម្ពុជា-វៀតណាម ក្នុងឆ្នាំ១៩៩៩, ២០០៥, ២០០៩, ២០១១, ២០១៤, ២០១៦, ២០១៧ និង ២០១៩ ដើម្បីគោរពឯករាជ្យភាព អធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសរៀងខ្លួន មិនជ្រៀត ជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា និងដោះស្រាយបញ្ហាដែលកើតឡើងរវាងប្រទេសទាំងពីរដោយសន្តិវិធី។
៥. ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម (២៤ មិថុនា ១៩៦៧ – ២៤ មិថុនា ២០២២) ភាគីទាំងពីរបានឯកភាពជំរុញទំនាក់ទំនងកម្រិតខ្ពស់ និងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ លើកទឹកចិត្តក្នុងការប្រាស្រ័យទាក់ទងរវាងប្រជាជន និង ប្រជាជន ជាពិសេសរវាងបណ្តាខេត្តជាប់ព្រំដែន។ ភាគីទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការ ប្រាស្រ័យទាក់ទង និងអប់រំសាធារណជន ជាពិសេសយុវជននៃប្រទេសទាំងពីរ អំពីចំណងមិត្តភាពដ៏ ស្មោះស្ម័គ្រយូរអង្វែង សាមគ្គីភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។
៦. ភាគីទាំងពីរបានអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីលើ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង វិនិយោគ ជាពិសេសចំណុចដ៏លេចធ្លោមួយ អាស្រ័យដោយទំហំពាណិជ្ជកម្មទ្វេភាគីអាចរក្សាបាននូវ សន្ទុះកំណើន បើទោះជាស្ថិតក្នុងស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩។ ភាគីទាំងពីរបានឯកភាពជំរុញការអនុវត្តកិច្ចព្រមព្រៀងស្ដីពីការលើកកម្ពស់ និងការពារការវិនិយោគ និងកិច្ចព្រមព្រៀងស្តីពីការ ជៀសវាងការយកពន្ធត្រួតគ្នា និងជួយសម្រួលដល់ការអភិវឌ្ឍពាណិជ្ជកម្មតាមព្រំដែន តាមរយៈការ ពន្លឿនការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីពាណិជ្ជកម្មតាមព្រំដែន ព្រមទាំងអនុវត្តអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីការអភិវឌ្ឍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតាមព្រំដែនឱ្យមាន ប្រសិទ្ធភាព ព្រមទាំងបន្តសិក្សាស្រាវជ្រាវការកសាងផ្សារព្រំដែនថ្មី និងតំបន់សេដ្ឋកិច្ចពិសេសនៅតាម បណ្តាខេត្តជាប់ព្រំដែន។ ភាគីទាំងបានឯកភាពពន្លឿនការបញ្ចប់ផែនការមេតភ្ជាប់សេដ្ឋកិច្ចកម្ពុជា វៀតណាមដល់ឆ្នាំ២០៣០ ត្រឹមចុងឆ្នាំ២០២២។
៧. ភាគីទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការធ្វើការរួមគ្នាក្នុងការដោះស្រាយផលប៉ះពាល់ផ្នែក វេជ្ជសាស្ត្រ សេដ្ឋកិច្ច និងសង្គមដែលបង្កឡើងដោយការរីករាលដាលនៃជំងឺកូវីដ-១៩។ ក្នុងន័យនេះ ភាគីទាំងពីរនឹងពន្លឿនការពិភាក្សាឆ្ពោះទៅរកការទទួលស្គាល់គ្នាទៅវិញទៅមកលើលិខិតឆ្លងដែនឬ វិញ្ញាបនបត្រវ៉ាក់សាំង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ការបើក ឡើងវិញជើងហោះហើរត្រង់រវាងប្រទេសទាំងពីរឱ្យទាន់ពេលវេលាប្រកបដោយសុវត្ថិភាព ដែលនឹងរួម ចំណែកជាក់ស្តែងដល់ការងើបឡើងវិញប្រកបដោយចីរភាពនៃសេដ្ឋកិច្ច-សង្គមរបស់ប្រទេសនីមួយៗ ក្នុង “គន្លងប្រក្រតីភាពថ្មី» និងក្រោយជំងឺរាតត្បាត។
៨. ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ដោយឈរ លើគោលការណ៍មិនអនុញ្ញាតឱ្យកម្លាំង កម្រិតណាមួយប្រើប្រាស់ទឹកដីរៀងៗខ្លួន ដើម្បីបង្កអន្តរាយ ដល់សន្តិសុខរបស់ភាគីម្ខាងទៀត និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលមាន ស្រាប់ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ពង្រឹងការសម្របសម្រួលក្នុងការ ថែរក្សាស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងប្រទេសនីមួយៗ បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងការពារព្រំដែន ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវយន្តការ សហប្រតិបត្តិការដែលមានស្រាប់ និងបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការរុករក និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុទាហានស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលបានពលីជីវិតនៅកម្ពុជា។
៩. ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការគោរព និងអនុវត្តឱ្យបានពេញលេញនូវ សន្ធិសញ្ញាស្តីពីការកំណត់ ការខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោក និងកិច្ចព្រមព្រៀង ពាក់ព័ន្ធស្តីពីព្រំដែនរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា ស្តីពីការខណ្ឌសីមា និងការបោះ បង្គោលព្រំដែនគោក ដែលសម្រេចបានប្រមាណ ៨៤% នៃការងារខណ្ឌសីមា និងការបោះបង្គោលព្រំ ដែនគោក ព្រមទាំងស្វាគមន៍ការចូលជាធរមាននៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២០ នៃ (i) សន្ធិសញ្ញ បំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និង (ii) ពិធីសារស្តីពីការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និង
សាធារណរដ្ឋសង្គមនិយមវៀតណាម និងបានជំរុញឱ្យគណៈកម្មការព្រំដែនចម្រុះកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា (JBC) ស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទៅវិញទៅមកចំពោះ ព្រំដែនគោក ដែលនៅសេសសល់ ១៦% មិនទាន់ខណ្ឌសីមា។ ដោយផ្អែកលើសមិទ្ធផលទាំងនោះ ភាគីទាំងពីរបានប្តេជ្ញាធ្វើការ និងខិតខំប្រឹងប្រែងរួមគ្នាឆ្ពោះទៅការសម្រេចបាននូវព្រំដែនសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ។ ភាគីទាំងពីរបានឯកភាពលើតម្រូវការ ក្នុងការបញ្ចប់កិច្ចព្រមព្រៀងស្ដីពីច្រកព្រំដែនគោក ដែលនឹងជំនួសបទប្បញ្ញត្តិនៅក្នុងកិច្ចព្រមព្រៀង ស្តីពីស្ថានភាពព្រំដែនឆ្នាំ១៩៨៣ ទាក់ទងនឹងការគ្រប់គ្រងច្រកព្រំដែននាពេលខាងមុខ។ ភាគីទាំងពីរ ក៏បានឯកភាពជំរុញប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យច្រកព្រំដែន រួមមាន៖ តាមរយៈការបើក និងតម្លើងកម្រិតច្រកព្រំដែនដែលបានព្រមព្រៀងរវាងប្រទេសទាំងពីរ និងបញ្ចូល ច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តិនណាម ទៅជាច្រកព្រំដែនដែលបានកំណត់សម្រាប់ឆ្លងកាត់ ក្រោមកិច្ចព្រមព្រៀង ស្តីពីការដឹកជញ្ជូនទំនិញរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៣។
១០. លោក ង្វៀន សួនហ៊្វុក បានសម្តែងនូវអំណរគុណចំពោះព្រះរាជាណាចក្រកម្ពុជា សម្រាប់ការបន្ត ឧបត្ថម្ភគាំទ្រ និងការអនុវត្តដោយគ្មានការរើសអើងចំពោះប្រជាជនមានដើមកំណើតវៀតណាមរស់ នៅប្រទេសកម្ពុជានាពេលកន្លងមក។
១១. ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខភាពសាធារណៈ។ លោក ប្រធានរដ្ឋ ង្វៀន សួនហ៊្វុក បានបញ្ជាក់សាជាថ្មីនូវការបន្តផ្តល់ការថែទាំសុខភាព និងការព្យាបាលរបស់ វៀតណាមជូនអ្នកជំងឺកម្ពុជា នៅមន្ទីរពេទ្យដែលមានមូលដ្ឋាននៅទីក្រុងហូជីមិញ ឱ្យប្រហាក់ប្រហែល នឹងអ្នកជំងឺវៀតណាម ហើយស្របតាមគោលការណ៍បង់ប្រាក់របស់វៀតណាមសម្រាប់អ្នកជំងឺដែល គ្មានធានារ៉ាប់រង។
១២. ភាគីទាំងពីរក៏បានឯកភាពជំរុញ និងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យ សំខាន់ៗផ្សេងទៀតដូចជា កិច្ចការច្បាប់និងយុត្តិធម៌ ការងារនិងសង្គមកិច្ច ព័ត៌មាននិងបច្ចេកវិទ្យា ទំនាក់ទំនង (ICT) វប្បធម៌ កីឡា ទេសចរណ៍ អាកាសចរណ៍ ធនាគារនិងហិរញ្ញវត្ថុ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាដើម។
១៣. ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងឯកភាពបន្តកិច្ចសហប្រតិបត្តិការ និងសហការយ៉ាងជិតស្និទ្ធក្នុង ក្របខណ្ឌពហុភាគី ដូចជា អង្គការសហប្រជាជាតិ និងអាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមសកល និងក្នុងតំបន់ ព្រមទាំងក្នុងក្របខ័ណ្ឌអនុតំបន់ រួមទាំងយន្តការកិច្ចសហប្រតិបត្តិការមេគង្គ ដើម្បីធានា ការគ្រប់គ្រង និងការប្រើប្រាស់ប្រកបដោយចីរភាពនៃធនធានទឹកទន្លេមេគង្គ។ លោកប្រធានរដ្ឋ ង្វៀន សួនហ៊្វុក បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការដែលកម្ពុជាបានផ្ដល់ជូន កំឡុងពេលវៀតណាមធ្វើជាប្រធានអាស៊ានឆ្នាំ២០២០ និងបានអះអាងជាថ្មីថា វៀតណាមនឹងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជាកំឡុងពេលជាប្រធានអាស៊ានឆ្នាំ២០២២ ក្រោមមូលបទ “អាស៊ាន រួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” ដែលជាការរួមវិភាគទានដល់ការលើកកម្ពស់ការ រួបរួម សាមគ្គីភាព ពង្រឹងមជ្ឈភាព និងភាពធន់របស់អាស៊ាន ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈម ដែលកំពុងកើតមាន ដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពក្នុងតំបន់។
១៤. ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវជំហររួមរបស់អាស៊ានចំពោះសារ:សំខាន់នៃការថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងសេរីភាពនាវាចរណ៍ក្នុង និងការហោះហើរលើសមុទ្រចិនខាងត្បូង លើកកម្ពស់ កិច្ចសន្ទនា និងការកសាងទំនុកចិត្ត ការអនុវត្តស្វ័យអត់ធ្មត់ ការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ការដោះ ស្រាយជម្លោះតាមមធ្យោបាយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ រួមមានអនុសញ្ញាអង្គការសហប្រជា ជាតិឆ្នាំ១៩៨២ ស្តីពីច្បាប់សមុទ្រ (UNCLOS) ដោយមិនងាកទៅរកការគំរាមកំហែង ឬការប្រើប្រាស់ កម្លាំង ធានានូវការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីថ្លែងការណ៍ស្តីពីក្រម ប្រតិបត្តិនៃបណ្តាភាគីក្នុងសមុទ្រចិនខាងត្បូង (DOC) ដោយធ្វើការឆ្ពោះទៅរកការបញ្ចប់នូវក្រម ប្រតិបត្តិក្នុងសមុទ្រចិនខាងត្បូង (COC) ដែលមានប្រសិទ្ធភាព និងពិតប្រាកដ ស្របតាមច្បាប់ អន្តរជាតិ រួមទាំង UNCLOS ឆ្នាំ១៩៨២។ ភាគីទាំងពីរក៏បានគាំទ្រអាស៊ាន និងចិន ក្នុងការរៀបចំរាល់ សកម្មភាពដែលអត្ថន័យ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២០ នៃការចុះហត្ថលេខាលើ DOC ផងដែរ។
១៥. ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោកប្រធានរដ្ឋ ង្វៀន សួនហ៊្វុក មាន សេចក្តីរីករាយជាអនេកដែលបានអញ្ជើញចូលរួមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទ្វេភាគីមួយចំនួនដូចជា (i) ផែនការសហប្រតិបត្តិការឆ្នាំ២០២២ រវាងក្រសួងមហាផ្ទៃកម្ពុជា និង ក្រសួងសន្តិសុខសាធារណៈវៀតណាម (ii) ផែនការសហប្រតិបត្តិការប្រចាំឆ្នាំ២០២២ រវាងក្រសួង ការពារជាតិទាំងពីរ (ii) កំណត់ហេតុ នៃកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (iv) កំណត់ហេតុនៃកិច្ចប្រជុំរវាងប្រធានគណៈកម្មការព្រំដែនចម្រុះទាំងពីរកម្ពុជា-វៀតណាម (v) អនុស្សរណៈនៃកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ សម្រាប់ឆ្នាំ២០២១ ២០២៥ (vi) អនុស្សរណៈនៃការយោគយល់គ្នារវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គម និយមវៀតណាម ស្តីពីការបញ្ចប់ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង (iii) ផែនការ ការងារសម្រាប់ឆ្នាំ២០២២-២០២៣ រវាងក្រសួងយុត្តិធម៌ទាំងពីរ។ ក្នុងឱកាសនោះ ធុរជននៃប្រទេស ទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចសន្យាធុរកិច្ច និងកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយចំនួនផងដែរ។
១៦. ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផល និងសារៈសំខាន់ដ៏ជ្រាលជ្រៅនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជារបស់ឯកឧត្តមប្រធានរដ្ឋ ង្វៀន សួនហ៊្វុក ដែលជាសកម្មភាពមួយក្នុងចំណោមសកម្មភាព ផ្សេងៗទៀតក្នុងការអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាង កម្ពុជា-វៀតណាម ដើម្បីចូលរួមចំណែកក្នុងពង្រឹងជំនឿទុកចិត្តទៅវិញទៅមក បន្ថែមភាពស៊ីជម សារៈសំខាន់ និងប្រសិទ្ធភាពដល់ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែងរវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ប្រជាជនទាំងពីរ និងរួមចំណែកដល់សន្តិភាពយូរអង្វែង ស្ថិរភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងការអភិវឌ្ឍ ប្រកបដោយចីរភាពទាំងក្នុងតំបន់ និងពិភពលោកទាំងមូល។
លោកប្រធានរដ្ឋ ង្វៀន សួនហ៊្វុក បានថ្លែងអំណរព្រះគុណចំពោះព្រះរាជបដិសណ្ឋារកិច្ចយ៉ាង កក់ក្តៅដែល ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា បានផ្តល់ជូនគណៈប្រតិភូជាន់ខ្ពស់វៀតណាម។
លោកប្រធានរដ្ឋ ង្វៀន សួនហ៊្វុក បានទូលអញ្ជើញ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និងអញ្ជើញថ្នាក់ដឹកនាំកម្ពុជា ដើម្បីបំពេញព្រះរាជទស្សនកិច្ច/ទស្សនកិច្ចនៅប្រទេស វៀតណាម។ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្ស ព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និងថ្នាក់ដឹកនាំកម្ពុជា បាន សព្វព្រះរាជហឫទ័យទទួល/ឆ្លើយតប ដោយអំណរគុណ និងសេចក្តីសោមនស្សរីករាយ។ ពេលវេលា ជាក់លាក់នៃព្រះរាជដំណើរ/ដំណើរទស្សនកិច្ចទាំងនេះ នឹងត្រូវបានរៀបចំដោយស្ថាប័នពាក់ព័ន្ធតាម មធ្យោបាយការទូតក្នុងពេលវេលាសមស្របណាមួយ៕
ដោយ ៖ សុខ ខេមរា