ខេត្តតាកែវ៖ លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងលោក អ៊ូច ភា អភិបាល នៃគណៈភិបាលខេត្តតាកែវ នាព្រឹកថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ បែបបទ និងនីតិវិធីផ្តល់សេវារដ្ឋបាលតាមការិយាល័យ ច្រកចេញចូល តែមួយ នៃរដ្ឋបាលក្រុង, ស្រុក, ខណ្ឌ នៅសាលាខេត្តតាកែវ ក្រោមកិច្ចសហការរៀបចំឡើងដោយអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តតាកែវ ដែលវគ្គបណ្ដុះបណ្ដាលនេះដែរក៏មានការចូលរួមពី លោក លោកស្រី អភិបាល អភិបាលរង ក្រុង ស្រុក ខណ្ឌ ព្រមទាំងប្រធាន អនុប្រធាន មន្ត្រីជួរមុខ មន្រ្តីជួរក្រោយ ការិយាល័យច្រកចេញចូលតែមួយ។
សូមជម្រាបជូនដែរថា វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ដោយមានការចូលរួមពីមន្រ្តី បុគ្គលិកពាក់ព័ន្ធនៃរដ្ឋបាលក្រុង ស្រុក ចំនួន ៤៤គោលដៅ ក្នុងនោះសិក្ខាកាមដែលចូល រួមដោយផ្ទាល់រួមមាន មន្រ្តី បុគ្គលិកពាក់ព័ន្ធនៃរដ្ឋបាលក្រុងដូនកែវ ស្រុកត្រាំកក់ ស្រុកបូរីជលសារ ស្រុកព្រៃកប្បាស និងស្រុកទ្រាំង នៃខេត្តតាកែវ។
ចំពោះសិក្ខាកាមនៃរដ្ឋបាលក្រុង ស្រុកចំនួន ៣៩គោលដៅផ្សេងទៀត នៃខេត្តគោលដៅ ចំនួន១៦ ត្រូវចូលរួមតាមរយៈប្រព័ន្ធវីដេអូបញ្ជូនរូបភាពពីចំងាយ (Zoom)។ ដោយផ្តោតលើខ្លឹមសារសំខាន់ៗ ដូចខាង ក្រោម៖
១. គោលការណ៍នៃការផ្ដល់សេវាសាធារណៈ និងទស្សនទាននៃការបង្កើតការិយាល័យច្រកចេញចូលតែមួយ
២. តួនាទី ភារកិច្ច និងនីតិវីធីនៃការអនុវត្តការងាររបស់ការិយាល័យច្រកចេញចូលតែមួយ
៣. របៀបរបបធ្វើការងារ និងក្រមសីលធម៌វិជ្ជាជីវៈសម្រាប់មន្ត្រីបំពេញការងារនៅក្នុងការិយាល័យច្រកចេញចូលតែមួយ
៤. ការធ្វើបដិសណ្ឋារកិច្ច និងភាពផ្ដល់សេវាកម្មល្អ
៥. ការរៀបចំផែនការ
៦. ការផ្សព្វផ្សាយព័ត៌មាន
៧. និងការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត៕
ដោយ៖សហការី