ភ្នំពេញ ៖ លោក ង្វៀន សួនហ៊្វុក ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់អមដំណេីរវៀតណាម បានអញ្ជេីញធ្វេីមាតុភូមិនិវត្តន៍ ទៅកាន់មាតុប្រទេសវិញ ក្រោយបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល ២ថ្ងៃ នៅកម្ពុជា ប្រកបដោយផ្លែផ្កា សំរាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម ។ នេះយោងតាមប្រភពទូរទស្សន៍ជាតិកម្ពុជាចុះLive ផ្ទាល់ ។
សូមបញ្ជាក់ថា, មានវត្តមានដឹកនាំ ជូនដំណេីរគណៈប្រតិភូជាន់ខ្ពស់របស់សាធារណៈរដ្ឋសង្គមនិយមវៀតណាមនាពេលនេះ រួមមានវត្តមានសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង លោកទេសរដ្ឋមន្ត្រី គុយ សុផល ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ដ្រី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួង ព្រះបរមរាជវាំង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ។
គូសបញ្ជាក់ផងដែរថា ក្នុងដំណេីរទស្សនៈកិច្ចផ្លូវរដ្ឋរបស់លោក ង្វៀន សួនហ៊្វុក ប្រធានរដ្ឋវៀតណាម រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២១ លោក ប្រធានរដ្ឋនៃប្រទេសវៀតណាម បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពជា និង សម្តេចព្រះមហាក្សត្រី និងបានបន្តចូលជួបសម្ដែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈកិច្ចពិភាក្សាទ្វេភាគីជាមួយសម្ដេចតេជោ ហ៊ុន សែន ភាគីទាំងពីរ កម្ពុជា-វៀតណាម បានចុះហត្ថលេខាលើឯកសារសំខាន់ចំនួន០៧ រួមមាន:
១- ផែនការសហប្រតិបត្តិការឆ្នាំ២០២២ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
២- ផែនការសហប្រតិបត្តិការប្រចាំឆ្នាំ២០២២ រវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិវៀតណាម។
៣- កំណត់ហេតុនៃកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
៤- កំណត់ហេតុនៃកិច្ចប្រជុំរវាងប្រធានគណៈកម្មការព្រំដែនចម្រុះកម្ពុជា-វៀតណាម។
៥- អនុស្សារណៈនៃកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំសម្រាប់ឆ្នាំ២០២១-២០២៥។
៦- អនុស្សារណៈនៃការយោគយល់គ្នារវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ស្ដីពីការបញ្ចប់ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ៧- ផែនការសកម្មភាពសម្រាប់ឆ្នាំ២០២២-២០២៣ រវាងក្រសួងយុត្តិធម៌ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងយុត្តិធម៌វៀតណាម។
ប្រភពដដែលបានបន្តថា, ក្រៅពីនោះ លោកប្រធានរដ្ឋវៀតណាម បានចូលក្រាបថ្វាយបង្គំគាល់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស និងសម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ផងដែរ។
ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជានេះដែរ លោក ង្វៀន សួនហ៊្វុក ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញជាអធិបតីបញ្ចុះបឋមសិលាសាងសង់អាគាររដ្ឋបាលថ្មី នៅវិមានរដ្ឋសភា ដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាមផងដែរ។ ក្រៅពីនេះ លោកប្រធានរដ្ឋវៀតណាម ក៏បានអញ្ជើញទៅ ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ គោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ និងគោរពវិញ្ញាណក្ខន្ធនៅវិមានមិត្តភាពកម្ពុជា-វៀតណាម ផងដែរ៕
ដោយ ៖ សិលា