ព័ត៌មានទាន់ហេតុការណ៍៖

រសៀលនេះ ! ដំណេីរមាតុភូមិនិវត្តន៍លោក​ ង្វៀន សួនហ៊្វុក ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់អមដំណេីរវៀតណាម​ ទៅកាន់មាតុប្រទេសវិញ​ ក្រោយបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ថ្ងៃ នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ លោក ង្វៀន សួនហ៊្វុក ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់អមដំណេីរវៀតណាម​ បានអញ្ជេីញធ្វេីមាតុភូមិនិវត្តន៍​ ទៅកាន់មាតុប្រទេសវិញ​ ក្រោយបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល ២ថ្ងៃ នៅកម្ពុជា ប្រកបដោយផ្លែផ្កា​ សំរាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ​កម្ពុជា​-វៀតណាម ។​ នេះយោងតាមប្រភពទូរទស្សន៍ជាតិកម្ពុជាចុះLive ផ្ទាល់ ។ 

សូមបញ្ជាក់ថា, មានវត្តមានដឹកនាំ​ ជូនដំណេីរគណៈប្រតិភូជាន់ខ្ពស់របស់សាធារណៈរដ្ឋសង្គមនិយមវៀតណាម​នាពេលនេះ​ រួមមានវត្តមានសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង​ លោកទេសរដ្ឋមន្ត្រី​ គុយ​ សុផល​ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ និងជាទេសរដ្ឋមន្ដ្រី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួង ព្រះបរមរាជវាំង  លោក ថោង​ ខុន​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ​ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ​ នៅរសៀលថ្ងៃទី២២ ខែធ្នូ​ ឆ្នាំ២០២១​ ។ 

គូសបញ្ជាក់ផងដែរថា​ ក្នុងដំណេីរទស្សនៈកិច្ចផ្លូវរដ្ឋរបស់លោក ង្វៀន សួនហ៊្វុក ប្រធានរដ្ឋវៀតណាម រយៈពេលពីរថ្ងៃ​ ចាប់ពីថ្ងៃទី២១​-២២​  ខែធ្នូ​ ឆ្នាំ២០២១​ លោក ប្រធានរដ្ឋនៃប្រទេសវៀតណាម​ បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចនរោត្តម​ សីហមុនី​ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពជា​ និង សម្តេចព្រះមហាក្សត្រី និងបានបន្តចូលជួបសម្ដែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។   តាមរយៈកិច្ចពិភាក្សាទ្វេភាគីជាមួយសម្ដេចតេជោ ហ៊ុន សែន ភាគីទាំងពីរ​ កម្ពុជា-វៀតណាម​  បានចុះហត្ថលេខាលើឯកសារសំខាន់ចំនួន០៧ រួមមាន: 

១- ផែនការសហប្រតិបត្តិការឆ្នាំ២០២២ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ 

២- ផែនការសហប្រតិបត្តិការប្រចាំឆ្នាំ២០២២ រវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិវៀតណាម។ 

៣- កំណត់ហេតុនៃកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ 

៤- កំណត់ហេតុនៃកិច្ចប្រជុំរវាងប្រធានគណៈកម្មការព្រំដែនចម្រុះកម្ពុជា-វៀតណាម។

៥- អនុស្សារណៈនៃកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំសម្រាប់ឆ្នាំ២០២១-២០២៥។ 

៦- អនុស្សារណៈនៃការយោគយល់គ្នារវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ស្ដីពីការបញ្ចប់ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ៧- ផែនការសកម្មភាពសម្រាប់ឆ្នាំ២០២២-២០២៣ រវាងក្រសួងយុត្តិធម៌ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងយុត្តិធម៌វៀតណាម។ 

ប្រភពដដែលបានបន្តថា, ក្រៅពីនោះ លោកប្រធានរដ្ឋវៀតណាម បានចូលក្រាបថ្វាយបង្គំគាល់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស និងសម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ផងដែរ។ 

ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជានេះដែរ  លោក ង្វៀន សួនហ៊្វុក​ ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញជាអធិបតីបញ្ចុះបឋមសិលាសាងសង់អាគាររដ្ឋបាលថ្មី នៅវិមានរដ្ឋសភា ដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាមផងដែរ។ ក្រៅពីនេះ លោកប្រធានរដ្ឋវៀតណាម ក៏បានអញ្ជើញទៅ ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ គោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ និងគោរពវិញ្ញាណក្ខន្ធនៅវិមានមិត្តភាពកម្ពុជា-វៀតណាម ផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖