អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក (IOM) បានប្រកាសថា មានមនុស្ស១៦០នាក់ស្លាប់ ក្នុងរយៈពេល២ថ្ងៃដោយសារតែលិចនាវានៅតំបន់សមុទ្រលីប៊ី កាលពីសប្តាហ៍កន្លងមក។
លោកស្រី Safa Msehli អ្នកនាំពាក្យ IOM នៅថ្ងៃទី២១ខែធ្នូ បានប្រកាសថា មានជនភៀសខ្លួន១០២នាក់ស្លាប់ដោយលង់ទឹកក្រោយទូកដឹកពួកគាត់លិចនៅតំបន់សមុទ្រលីប៊ីកាលពីចុងសប្តាហ៍កន្លងមក ដោយមានមនុស្សតែ៨នាក់ប៉ុណ្ណោះដែលនៅរស់ ។
នៅថ្ងៃទី១៨ខែធ្នូ កម្លាំងទាហានការពារដែនសមុទ្រលីប៊ី បានប្រកាសឱ្យដឹងថា រកឃើញសាកសព៦២នាក់។ ក្នុងថ្ងៃជាមួយគ្នានោះដែរ ទាហានលីប៊ីក៏ប្រទះឃើញទូកដឹកជនភៀសខ្លួនខុសច្បាប់២១០នាក់ ។ នេះជាករណីស្លាប់ច្រើនបំផុតនៅដែនសមុទ្រមេឌីទែរ៉ាណេ ពាក់ព័ន្ធជនភៀសខ្លួន។
លោកស្រី Safa Msehli បានបញ្ជាក់ទៀតថា ជាមួយនឹងអ្នកស្លាប់ខាងលើធ្វើឱ្យចំនួនជនភៀសខ្លួនស្លាប់ពេលព្យាយាមភៀសខ្លួនឆ្លងដែនសមុទ្រមេឌីទែរ៉ាណេកើនឡើងដល់១៥០០នាក់ ។
តាមរបាយការណ៍របស់ IOM មានជនភៀសខ្លួន៣១.៥០០នាក់ ត្រូវបានបញ្ជូនទៅកាន់ប្រទេសលីប៊ីវិញនៅក្នុងឆ្នាំ២០២១នេះ។ កាលពីឆ្នាំ២០២០ មានជនភៀសខ្លួនស្លាប់៩៨០នាក់ គឺមានតិចជាងឆ្នាំ២០២១៕ ដោយ៖ធីរីណា
រូបថត៖Getty Images