ព័ត៌មានទាន់ហេតុការណ៍៖

យុវជន២នាក់ស្លាប់ភ្លាមៗខណ:ជិះម៉ូតូបុកគូទរថយន្តពីក្រោយ

ចែករំលែក៖

ខេត្តរតនគិរី៖ យុវជន២នាក់ជិះម៉ូតូមិនប្រុងប្រយ័ត្នបានជ្រុលទៅបុកគូទរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងយ៉ាងពេញទំហឹងបណ្តាលឱ្យស្លាប់ទាំង២នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

   គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង១និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ តាមផ្លូវក្រាលកៅស៊ូមួយកន្លែងត្រង់ចំណុចមុខផ្ទះឈ្មោះ លីយុង(គ្មានម្ចាស់នៅ)ស្ថិតនៅក្នុងភូមិសមុទ្រលើ ឃុំសេដា ស្រុកលំផាត់។

   លោក ក្លល ថើង អធិការនគរបាលស្រុកលំផាត់បានឱ្យដឹងថា បន្ទាប់ពីជួបគ្រោះ ថ្នាក់ចរាចរណ៍រួចមក ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ក៏បានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើអន្តរាគមន៍។ ជនរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាកវេ៉វឆ្លាម ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរពីត្បូងទៅជើង ហើយក៏បុករថយន្តមិនស្គាល់អត្តសញ្ញាណដែល បើកបរស្របទិសគ្នា។ បន្ទាប់ពីកើតហេតុរួច រថយន្តដែលត្រូវម៉ូតូបុកពីក្រោយនោះបានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោលទៅ។

   លោកអធិការបន្តថា យុវជន២នាក់ស្លាប់នោះមិនទាន់ស្គាល់អត្តសញ្ញាណនៅ ឡើយទេ ដែលក្នុងនោះម្នាក់បានធ្លាយពោះវៀនចេញមកខាងក្រៅ និងម្នាក់ទៀតបែកមុខខាងស្តាំ ស្លាប់ទាំង២នាក់នៅនឹងកន្លែងកើតហេតុ ដោយពួកគេបើកបរគ្មានពាក់មួកសុវត្ថិភាពឡើយ។

   ក្រោយកើតហេតុសមត្ថកិច្ចនគរបាលស្រុកបានរៀបចំទុកដាក់សពទាំង២នាក់នៅកន្លែងកើតហេតុ រង់ចាំស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

   បច្ចុប្បន្នម៉ូតូ១គ្រឿង និងគម្របភក់មួយរបស់រថយន្តបានយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលសេដា ដើម្បីស្រាវជ្រាវ កសាងសំណុំរឿងទៅតាមនីតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖