ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋចំនួន ២គ្រួសារ និងពលរដ្ឋចំនួន ៣៥០គ្រួសារត្រូវបានទទួលអំណោយជាផ្ទះនិងគ្រឿងឧបភោគបរិភោគពីកាកបាទក្រហម

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​សៀមរាប​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងលោកស្រី​ កាលពីរសៀលថ្ងៃទី២២ ខែធ្នូម្សិលមិញនេះ​ បានប្រគល់ផ្ទះមនុស្សធម៌ចំនួន ០២ខ្នង ដែលជាអំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​​ ជូនដល់គ្រួសារប្រជាពលរដ្ឋក្រីក្រចំនួន ២គ្រួសារ ស្ថិតនៅភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ព្រមទាំងបាន ចែកអំណោយដល់ប្រជាពលរដ្ឋចំនួន ៣៥០គ្រួសារ ដោយមានចូលរួមពីសំណាក់លោក លោកស្រីជាសមាជិក សមាជិកា នៃ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបន្ទាយស្រី លោក លោកស្រី ប្រធានមន្ទីរ-អង្គភាព កម្លាំងប្រដាប់អាវុធ និង មន្រ្តីរាជការជាច្រើននាក់ផងដែរ។

បន្ទាប់ពីកិច្ចស្វាគមន៍របស់លោក ឃឹម ហ្វីណង់ ប្រធានអនុសាខាកាកបាទក្រហមស្រុកបន្ទាយស្រីរួចមក ជាមួយគ្នានោះ លោក ទៀ សីហា បានបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបាននាំយកមកចែកជូននាពេលនេះ គឺជាកាតព្វកិច្ច នឹងការយកចិត្តទុក្ខដាក់ខ្ពស់ដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះ នឹងជួបការលំបាកក្នុងវិបត្តិកូវីដ-១៩ កន្លងមកនោះ។ 

លោកអភិបាលខេត្ត​​ បានបន្តទៀតថា ប្រមុខរាជរដ្ឋាភិបាល និង កាកបាទក្រហមកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់តែងតែយកចិត្តទុកដាក់ជានិច្ច ក្នុងនាមថ្នាក់ដឹកនាំខេត្ត គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ត្រូវតែធានាធ្វើយ៉ាងណាអនុវត្តឲ្យខានតែបាន នូវគោលនយោបាយរបស់រាជរដ្ឋាភិបាលជាជំហានៗ ជាសក្ខីភាពជាក់ស្តែងដែលយើងបាននិងកំពុងរៀបចំពិធីប្រគល់-ទទួលផ្ទះ ចំនួន ០២ខ្នង ជូនប្រជាពលរដ្ឋក្រីក្រចំនួន ២គ្រួសារ និងផ្តល់នូវអំណោយដល់បងប្អូនប្រជាពលរដ្ឋជួបការលំបាកចំនួន ៣៥០គ្រួសារ។ សកម្មភាពទាំងនេះ គឺជាការចែករំលែក នឹងជួយសម្រាលការលំបាកក្នុងគ្រាមានអាសន្នអន់ក្រ ហើយក៏ជាប្រពៃណីដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែប្រតិបត្តិជាប់ជាប្រចាំគ្រប់កាលៈទេសៈ យើងមិនប្រកាន់ពណ៌សម្បុរ ជាតិសាសន៍ និន្នាការនយោបាយណាមួយឡើយ ។ 

លោក​ ទៀ​ សីហា​ បានបន្តថា ចំពោះការរីករាលដាលនៃជំងឺកូវីដ-១៩ បានអូសបន្លាយអស់រយៈពេលជិត២ឆ្នាំមកនេះ វាបានធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសកល ក៏ដូចជាសេដ្ឋកិច្ចជាតិ ប្រតិបត្តិករ និងអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍។ ផលវិបាកនៃជំងឺនេះ បានធ្វើឲ្យខេត្តសៀមរាបទាំងមូល ជាពិសេសតំបន់រមណីយដ្ឋានអង្គរ ដែលធ្លាប់តែទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាកម្សាន្ត យ៉ាងច្រើនកុះករនោះ បែរជាមានសភាពស្ងប់ស្ងាត់ទៅវិញ ។ 

បើទោះជាស្ថិតក្នុងដំណាក់កាលនៃផលប៉ះពាល់ដោយសារជម្ងឺកូវីដ ដ៏ធ្ងន់ធ្ងរក៏ដោយ ក៏រដ្ឋបាលខេត្ត ដែលមានការគាំទ្រពីរាជរដ្ឋាភិបាលបាននឹងកំពុងជម្រុញ និងយកចិត្តទុកដាក់លើការកែលម្អសោភ័ណភាពក្រុងឲ្យបានកាន់តែល្អប្រសើរថែមទៀត ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន ៣៨ខ្សែ និងកែលម្អមាត់ស្ទឹងសៀមរាប ក្នុងក្រុងសៀមរាបនោះ គឺជាសមិទ្ធផលប្រវត្តិសាស្រ្តថ្មីមួយសម្រាប់ប្រជាពលរដ្ឋខេត្តសៀមរាប ដែលមកដល់ពេលនេះ យើងសម្រេចបានស្ទើរតែ១០០% ទៅហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ។ 

ដោយឡែកអំណោយកាកបាទក្រហមកម្ពុជា សម្រាប់ ៣៥០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ ១យួរ ទឹកត្រី១យួរ អាយឺត២ ឃីតមួយកញ្ចប់ មានភួយ មុង សារុង ក្រមា អមដោយថវិកា ៤ម៉ឺនរៀល៕

ដោយ​៖សហការី​


ចែករំលែក៖