ខេត្តបន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង១២និង២៣នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនអូរសាយ របស់វរសេនាតូចលេខ៨០៧ ចំនួន ៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ ញាន ឡាញ់ មេបញ្ជាការរងទទួលទិសប៉ុស្តិ៍អូរសាយ សហការជាមួយ កម្លាំងយោធាសឹករងស្រុកថ្មពួកចំនួន ២នាក់បានចុះល្បាតត្រួតពិនិត្យនៅបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្ត រហូតមកដល់ត្រង់ចំណុចគោលដៅស្តៅ១០០ ក៏បានប្រទះឃើញ និង ឃាត់ខ្លួនទប់ស្កាត់ពលករបម្រុងលួចឆ្លងដែនទៅប្រទេសថៃសរុបចំបាន៧នាក់ ក្នុងនោះមានស្រីចំនួន៣នាក់ កុមារីចំនួន១នាក់ ស្ថិតក្នុងភូមិសាស្រ្តភូមិ បន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ខប្រាប់ថា បន្ទាប់មកកម្លាំងប៉ុស្តិ៍អូរសាយ ក៏បានរៀបចំបញ្ជូនពលករទាំងអស់ទៅឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគោករមៀតរបស់អធិការដ្ឋាននគរបាលស្រុកថ្មពួក ដើម្បីធ្វើការសាកសួរ និង អនុវត្តទៅតាមនីតិវិធី។
ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ឡុង សំណាង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំចាញ់បោកមេខ្យល់ដែលតែងតែបញ្ចុះបញ្ជូល នាំពលករឆ្លងដែនខុសច្បាប់ទាំងប្រថុយប្រថានក្នុងការឆ្លងដែនដែលអាចបង្កឱ្យគ្រោះថ្នាក់ដល់អាយុជីវិត និងមិនគិតពីសុខសុវត្ថិភាព និង ខាតបង់ប្រាក់កាសជាបន្តបន្ទាប់។ ក្នុងនោះលោកមេបញ្ជាការក៏បានឱ្យពលរដ្ឋទាំងនោះអនុវត្តនូវវិធានការ៣កុំ ៣ការពារដើម្បីខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង៕
ដោយ ៖ វណ្ណា