ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យនិស្សិតអាហារូបករណ៍ពីរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី ចូលជួបសម្តែងការគួរសម និងស្តាប់អនុសាសន៍ល្អៗ។ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន នៅរសៀលថ្ងៃព្រហស្បតិ៍ទី២៣ ខែធ្នូ ឆ្នាំ២០២១។
លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានថ្លែងកោតសរសេីរ និងជូនពរដល់ប្អូនៗនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សាបន្តនៅសហព័ន្ធរុស្ស៊ី ដែលជាប្រទេសមហាអំណោចធំមួយ មានភាពរីកចម្រេីនខ្លាំងផ្នែកវិទ្យាសាស្រ្តបច្ចេកវិទ្យា ហេីយជាថ្នាលបណ្តុះបណ្តាលនិស្សិតមួយដ៏ល្អ ជាឱកាសសម្រាប់ប្អូនៗត្រូវសិក្សាស្វែងយល់អំពីចំណេះដឹង បទពិសោធន៍ល្អៗនៅរុស្ស៊ីទាំងក្នុងថ្នាក់ និងការអភិវឌ្ឍន៍សង្គមរុស្ស៊ីជាដេីម។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានថ្លែងថា និស្សិតកម្ពុជាត្រូវមានភាពក្លាហាន ទន់ភ្លន់ រៀនដោះស្រាយបញ្ហាសង្គម និងជំនាញវិជ្ជាជីវៈច្បាស់លាស់ ជាពិសេសនិស្សិតត្រូវមានប្រកាន់ជំហស្មោះត្រង់នឹងខ្លួនឯង និងស្មោះត្រង់ជាមួយប្រទេសជាតិ៕
ដោយ៖ស តារា