ព័ត៌មានទាន់ហេតុការណ៍៖

Liverpool កាន់តែមានគម្លាតឆ្ងាយពីក្រុមកំពូលតារាង ខណៈ Tottenham បានត្រឹមស្មើ

ចែករំលែក៖

កីឡាករ Ademola Lookman រកបានគ្រាប់បាល់តែមួយគ្រាប់គត់ ជួយឲ្យក្រុម Leicester City យកឈ្នះក្រុម Liverpool ធ្វើឲ្យក្រុមហង្សក្រហមកាន់តែមានគម្លាតឆ្ងាយពីក្រុមកំពូលតារាង Man City រហូតដល់៦ពិន្ទុនៅលីគកំពូល Premier League ។

ឱកាសដ៏ធំបំផុតរបស់ Liverpool បានកើតឡើងនៅក្នុងតង់ទី១ នៅពេលដែលខ្សែប្រយុទ្ធ Mohamed Salah មានបាល់ប៉េណាល់ទីនៅនាទីទី១៥ ប៉ុន្តែត្រូវបានសង្គ្រោះដោយអ្នកចាំទី KasperSchmeichel។ បន្ទាប់មក Sadio Mane បានខកខានឱកាស២-៣ដងសម្រាប់ក្រុមរបស់លោក Jurgen Klopp មុនពេលពួកគេត្រូវបាន ក្រុម Leicester City រកបាន១គ្រាប់នៅនាទីទី៥៩។

ជាមួយនឹងការបរាជ័យជាលើកទី២របស់ពួកគេក្នុងរដូវកាលនេះ ក្រុម Liverpool ពេលនេះចាញ់៦ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Manchester City ខណៈដែល Leicester ដែលឈ្នះតែ២ប្រកួតប៉ុណ្ណោះក្នុងចំណោម៧បានឡើងមកឈរចំណាត់ថ្នាក់លេខ៩។

ហង្សក្រហមក៏អាចបញ្ចប់ឆ្នាំ២០២១ ក្នុងចំណាត់ថ្នាក់លេខ៣ និង៩ពិន្ទុពីលើកំពូលតារាង ប្រសិនបើ Man City របស់លោក Pep Guardiola យកឈ្នះ Brentford ហើយ Chelsea យ៉ាងហោចណាស់ស្មើជាមួយ Brighton នៅនៅរាត្រីនេះ។

ចំណែកលោក Antonio Conte គ្រូបង្វឹកក្រុមមាន់ខ្នាយមាសបាននិយាយថា ក្រុម Tottenham នឹងត្រូវកែលម្អច្រើន ហើយនឹងមិនងាយស្រួលទេក្នុងការប្រយុទ្ធដើម្បីអ្វីមួយនៅរដូវកាលនេះ បន្ទាប់ពីពួកគេប្រកួតស្មើជាមួយក្រុម Southampton ១ទល់១ ដែលមានគ្នាតែ១០នាក់ក្រោយពីកាតក្រហមម្នាក់នៅតង់ទី១ ។

នៅតង់ទី១ ការប្រកួតនៅកីឡដ្ឋាន St Mary’s នៅពេលដែលកីឡាករJames Ward-Prowse រកបាន១គ្រាប់នាំមុខនៅនាទីទី២៥ ស៊ុតបញ្ចូលទីផុតដៃអ្នកចាំទី Hugo Lloris របស់ក្រុម Tottenham។ ប៉ុន្តែការប្រកួតបានប្រែក្លាយនៅពេលដែល Mohammed Salisuទទួលបានកាតក្រហមក្រោយពីបង្កកំហុសទៅលើ Son Heung-min ក្នុងប្រអប់គ្រោះថ្នាក់ ហើយអនុញ្ញាតឱ្យខ្សែប្រយុទ្ធ Harry Kane ជាអ្នកស៊ុតបាល់ប៉េណាល់ទីចូលទីនៅនាទីទី៤១ ធ្វើឲ្យលទ្ធផលស្មើគ្នា១ទល់១រហូតដល់ចប់ការប្រកួត។

លោក Conte បានក្លាយជាអ្នកចាត់ការដំបូងគេក្នុងប្រវត្តិសាស្ត្ររបស់ក្រុមTottenham ដែលនៅតែមិនស្គាល់ចាញ់ក្នុងការប្រកួតលីគចំនួន៧លើកដំបូងរបស់គាត់ ប៉ុន្តែគាត់បាននិយាយថា “ការទាមទាររបស់ខ្ញុំគឺខ្ពស់ណាស់ ព្រោះខ្ញុំធ្លាប់មានការប្រកួតប្រជែង និងដើម្បីឈ្នះ ហើយប្រាកដណាស់ សម្រាប់ខ្ញុំមានការខកចិត្តដ៏ធំមួយ នៅពេលដែលយើងមិនឈ្នះ។ ខ្ញុំក៏យល់អំពីស្ថានភាពនេះដែរ ឥឡូវនេះប្រាកដណាស់ថា យើងត្រូវតែធ្វើការច្រើន ហើយវានឹងមិនងាយស្រួលទេក្នុងការតស៊ូដើម្បីអ្វីមួយនៅរដូវកាលនេះ។ យើងត្រូវតែកែលម្អច្រើន សម្រាប់ប្រាកដថា វាគឺជាឱកាសមួយដែលយើងខកខាន។ នៅពេលដែលអ្នកមានស្ថានភាពបែបនេះ អ្នកត្រូវតែព្យាយាមទាញយក ដើម្បីព្យាយាមដើម្បីទទួលបាន៣ពិន្ទុ”។

លទ្ធផលខាងលើនេះបានធ្វើឲ្យក្រុមហង្សក្រហម Liverpool បន្តឈរចំណាត់ថ្នាក់លេខ២បណ្តោះអាសន្នមាន៤១ពិន្ទុដដែល ខណៈដែលក្រុមLeicester City ឡើងមកឈរចំណាត់ថ្នាក់លេខ៩ មាន២៥ពិន្ទុ ក្នុង១៨ប្រកួត។ ចំណែកក្រុម Tottenham ឈរចំណាត់ថ្នាក់លេខ៦មាន៣០ពិន្ទុ ក្នុង១៧ប្រកួត និងក្រុម Southampton  ឈរចំណាត់ថ្នាក់លេខ១៣មាន២១ពិន្ទុ ក្នុង១៩ប្រកួត។

ការប្រកួតសម្រាប់រាត្រីនេះគឺក្រុមម្ចាស់ផ្ទះ Brentford ទទួលស្វាគមន៍ក្រុមកំពូលតារាង Man City ម៉ោង៣និង១៥នាទីរំលងអធ្រាត្រ ខណៈដែលម្ចាស់ផ្ទះ Chelsea ប៉ះ Brighton ម៉ោង២និង៣០នាទីរំលងអធ្រាត្រ ហើយប្រសិនបើក្រុមតោខៀវស្មើ ឬឈ្នះនោះនឹងហក់ឡើងទៅឈរចំណាត់ថ្នាក់លេខ២ជំនួសក្រុម Liverpool ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖