ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចពិជ័យសេនា ទៀ បាញ់៖ ផ្តើមចេញពី “នយោបាយឈ្នះ=ឈ្នះ” កម្ពុជាបច្ចុប្បន្នមានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ពេញលេញ

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានគូសរំលេចកាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះថា៖ នយោបាយឈ្នះ=ឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន មានគុណតម្លៃធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា។

ក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកព័ត៌មានក្នុងពិធីអបអរសាទរខួប២៣ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា រកបានសុខសន្តិភាពពេញលេញតាមរយៈនយោបាយឈ្នះ=ឈ្នះ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ផ្តើមចេញពីនយោបាយឈ្នះ=ឈ្នះ មានសម្តេចតេជោជាស្ថាបនិក និងអគ្គមគ្គុទ្ទេសក៍នេះហើយ ធ្វើឱ្យកម្ពុជាអាចបិទបញ្ចប់នូវភ្លើងសង្គ្រាម នាំមកនូវសុខសន្តិភាព ហើយផ្តល់ឱកាសមហាសាលសម្រាប់ការកសាងសង្គមកម្ពុជាឱ្យរីកចម្រើន ឱ្យមានវិបុលភាព និងកិត្យានុភាពជាតិដូចពេលបច្ចុប្បន្ននេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ ដែលជាអ្នកប្រតិបត្តិករដ៏ចំណានមួយរូបលើនយោបាយឈ្នះ=ឈ្នះ បានគូសរំលេចថា វាជារឿងចាំបាច់ ហើយក៏សំខាន់ណាស់ ក្នុងការបង្កើនការផ្សព្វផ្សាយអប់រំពីកម្មវិធីនយោបាយឈ្នះ=ឈ្នះ ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរបានជ្រូតជ្រាប និងយល់ដឹងកាន់តែច្បាស់ពីគុណតម្លៃនៃនយោបាយឈ្នះ=ឈ្នះនេះ។

បន្ថែមពីនេះ​ សម្តេច ទៀ បាញ់ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងចង់រំលឹកទិវានេះជារៀងរហូត ដើម្បីយើងបញ្ជ្រាបឱ្យគ្រប់ទិសគ្រប់ទី ឱ្យយល់ ឱ្យឯកភាពគ្នាថា វាមានគុណតម្លៃធំធេងណាស់មិនដែលមានក្នុងប្រវត្តិសាស្ត្រ និយាយមែនទែនទើបតែ២៣ឆ្នាំនេះឯងយើងមានសន្តិភាពពេញលេញ មានការឯកភាពជាតិ»។

មិនតែប៉ុណ្ណោះ​ សម្តេចពិជ័យសេនា ទៀ បាញ់ ចង់ឱ្យមានការរៀបចំនូវទស្សនកិច្ចនានាមកកាន់វិមានឈ្នះ=ឈ្នះ ហើយរៀបចំនូវមគ្គុទ្ទេសក៍ ដើម្បីពន្យល់ណែនាំប្រជាពលរដ្ឋនៅពេលពួកគាត់ចូលទៅទស្សនកិច្ចនៅវិមានឈ្នះ=ឈ្នះនោះផងដែរ។ ការធ្វើបែបនេះ ដើម្បីឱ្យប្រជាពលរដ្ឋបានជ្រូតជ្រាបកាន់តែច្បាស់ពីនយោបាយឈ្នះ=ឈ្នះ៕​

ដោយ​៖ស​ តារា​


ចែករំលែក៖