ព័ត៌មានទាន់ហេតុការណ៍៖

កសិករប្រទះឃើញមីនកង្កែប២គ្រាប់បន្សល់ពីសម័យសង្រ្គាមប្រញាប់រាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ ​ប្រជាពលរដ្ឋ​ឈ្មោះ​ ម៉ៅ​ សុខ​លី​ន​  ភេទ​ស្រី​ អាយុ​៣៧​ឆ្នាំ​ ជាកសិករ មានទីលំនៅ ឃុំ-ស្រុកភ្នំព្រឹកបានប្រទះ​ឃើញ​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​ ០២​គ្រាប់​ ប្រភេទ​72A​ (​កង្កែប​)​ ផលិត​នៅ​ប្រទេស​ចិន​ នៅតាមមាត់បឹងក៏បាន​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាលប៉ុស្តិ៍​រដ្ឋបាលភ្លាមៗ។ 

ក្រោយ​ទទួល​ដំណឹង​នេះភ្លាម កម្លាំង​នគរបាល​ប៉ុស្តិ៍​ភ្នំព្រឹក​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក បាន​រាយការណ៍​បន្ត​ជូន​អង្គភាព​ស៊ី​មម៉ាក់ (CMAC)​ ដើម្បី​ចុះទៅយក​ម្ទេចចោល​ភ្លាមៗដែរ។​ មន្រ្តីស៊ីម៉ាក់បានឲ្យដឹងនេះជា មីនកង្កែបដែលបានបន្សល់ទុកតាំងពីសម័យសង្រ្គាមមកម្ល៉េះ ហើយថ្វីបើវាមានសភាពច្រែះចាប់ក៏ដោយ ប្រសិនបើយើងប៉ះពាល់ដោយកម្លាំងខ្លាំងវានឹងផ្ទុះបង្កការគ្រោះថ្នាក់ដល់មនុស្សជាមិនខាន។

យ៉ាងណាឆ្លៀត​ក្នុង​ឱកាស​នោះ​ ដែរមន្រ្តីនគរបាល​ស្រុក​ភ្នំព្រឹក​ក៏ដូចជាមន្រ្តីស៊ីម៉ាក់បាន​ថ្លែងអំណរគុណ​ដល់​ពលរដ្ឋ​ ដែល​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ទាន់​ពេលវេលា​ និង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ទាំងអស់​ សូមឲ្យមានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​នូវ​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ផ្ទុះឬអាវុធ​ខូចគុណភាព​ផ្សេងៗ​ហើយបើជួបប្រទះត្រូវ​រាយការណ៍​ជា​បន្ទាន់ ​ជូន​សមត្ថកិច្ច​ ជៀសវាង​ការ​យក​ទៅ​ប្រើប្រាស់​នូវ​អាវុធ​ខូចគុណភាព​ទាំងនោះ ​បង្ក​ជា​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ​៕​

ដោយ ៖ ប្រាថ្នា


ចែករំលែក៖