ខេត្តកណ្ដាល៖ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ បានចាត់លោកវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយ និងសហការី បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះក្រុមគ្រួសាររបស់ឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម និងលោកជំទាវ ដែលបានបាត់បង់មហាឧបាសកពុទ្ធសាសនូបត្ថម្ភ ផឹង គឹង បានទទួលមរណភាពវេលាម៉ោង ១ និង៣៥នាទីរំលងអាធ្រាត្រ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ។
នៅក្នុងមរណទុក្ខដ៏ក្តុកក្តួលនេះ លោកវេជ្ជ. អ៊ុយ សំអាត បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព ចំពោះមរណភាពរបស់មហាឧបាសកពុទ្ធសាសនូបត្ថម្ភ ផឹង គឹង គឺជាការបាត់បង់ លោកឪពុក ឪពុកក្មេក ជីតា ជីតាទួតជាទីស្រឡាញ់ ប្រកបដោយគុណធម៌ ព្រហ្មវិហាធម៌ ដែលក្នុងមួយជីវិតរបស់មហាឧបាសកតែងតែប្រកាន់ខ្ជាប់នូវគុណធម៌ សីលធម៌ល្អប្រពៃ បានពលិកម្មជាច្រេីនទាំងកម្លាំងកាយចិត្ត មិនគិតពីការនឿយហត់ និងខិតខំប្រឹងប្រែងថ្នាក់ថ្នមថែរក្សាអប់រំ ផ្ដល់ដំបូន្មានល្អៗដល់កូន ចៅ និងក្រុមគ្រួសារ ឱ្យក្លាយជាធនធានមនុស្សដ៏ល្អប្រពៃថ្លៃថ្លាក្នុងសង្គមជាតិ។
ស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់ សូមប្រោសដួងវិញ្ញាណក្ខន្ធ មហាឧបាសកពុទ្ធសាសនូបត្ថម្ភ ផឹង គឹង បានទៅកាន់ក្នុងសុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖សហការី