ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋឈ្មោះ ម៉ៅ សុខលីន ភេទស្រី អាយុ៣៧ឆ្នាំ ជាកសិករ មានទីលំនៅ ឃុំ-ស្រុកភ្នំព្រឹកបានប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ០២គ្រាប់ ប្រភេទ72A (កង្កែប) ផលិតនៅប្រទេសចិន នៅតាមមាត់បឹងក៏បានរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលភ្លាមៗ។
ក្រោយទទួលដំណឹងនេះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ភ្នំព្រឹកនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានរាយការណ៍បន្តជូនអង្គភាពស៊ីមម៉ាក់ (CMAC) ដើម្បីចុះទៅយកម្ទេចចោលភ្លាមៗដែរ។ មន្រ្តីស៊ីម៉ាក់បានឲ្យដឹងនេះជា មីនកង្កែបដែលបានបន្សល់ទុកតាំងពីសម័យសង្រ្គាមមកម្ល៉េះ ហើយថ្វីបើវាមានសភាពច្រែះចាប់ក៏ដោយ ប្រសិនបើយើងប៉ះពាល់ដោយកម្លាំងខ្លាំងវានឹងផ្ទុះបង្កការគ្រោះថ្នាក់ដល់មនុស្សជាមិនខាន។
យ៉ាងណាឆ្លៀតក្នុងឱកាសនោះ ដែរមន្រ្តីនគរបាលស្រុកភ្នំព្រឹកក៏ដូចជាមន្រ្តីស៊ីម៉ាក់បានថ្លែងអំណរគុណដល់ពលរដ្ឋ ដែលបានរាយការណ៍ជូនសមត្ថកិច្ចទាន់ពេលវេលា និងបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ផ្ទុះឬអាវុធខូចគុណភាពផ្សេងៗហើយបើជួបប្រទះត្រូវរាយការណ៍ជាបន្ទាន់ ជូនសមត្ថកិច្ច ជៀសវាងការយកទៅប្រើប្រាស់នូវអាវុធខូចគុណភាពទាំងនោះ បង្កជាគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕
ដោយ ៖ ប្រាថ្នា