ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល ៖ ករណីអ្នកឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង​ ដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ ពុំត្រូវបានអនុញ្ញាតឲ្យស្នាក់នៅ ថែទាំ និងព្យាបាលនៅតាមផ្ទះឡើយ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹង ស្តីពីករណីអ្នកឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង​ ដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ ពុំត្រូវបានអនុញ្ញាតឲ្យស្នាក់នៅ ថែទាំ និងព្យាបាលនៅតាមផ្ទះឡើយ។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺអូវីដ-១៩ ជម្រាបជូន លោក លោកស្រីប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត

កម្មវត្ថុ៖ ករណីអ្នកឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ ពុំត្រូវបានអនុញ្ញាត ឱ្យស្នាក់នៅ ថែទាំ និងព្យាបាលនៅតាមផ្ទះឡើយ។

យោង៖ ប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ថ្លែងក្នុងពិធីប្រគល់ប្រាក់រង្វាន់លើក ទឹកចិត្តរបស់រាជរដ្ឋាភិបាល ជូនដល់កីឡាការិនី អ៊ុក ស្រីមុំ ជ័យលាភីមេដាយមាសពិភពលោក កីឡាប៉េតង់ នៅទីក្រុង Santa Susanna ប្រទេសអេស្ប៉ាញ។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូនលោក លោកស្រី ប្រធាន គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត ជ្រាបថា ករណ៏ជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ត្រូវបានរក ឃើញថាជាករណីនាំចូលមកពីបរទេស និងភាគច្រើនជាអ្នកដំណើរមកពីបរទេសតាមផ្លូវអាកាស។

ទោះបីជាពុំទាន់មានទិន្នន័យបញ្ជាក់ថា វីរុសនេះបណ្តាលឱ្យមានភាពធ្ងន់ធ្ងរនៅឡើយ ប៉ុន្តែវាមានលទ្ធភាព ឆ្លងលឿន។ ដូច្នេះ ដើម្បីបង្ការ និងទប់ស្កាត់ជាអតិបរមានូវការឆ្លងរាលដាលនៃវីរុសនេះ ចូលក្នុងសហគមន៍ អ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ ពុំត្រូវបានអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះឡើយ ទោះបី ក្នុងលក្ខខណ្ឌណាក៏ដោយ។ អ្នកជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុងទាំងអស់ត្រូវស្នាក់នៅ ថែទាំ និងព្យាបាល នៅក្នុង មន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ដែលកំណត់ដោយក្រសួងសុខាភិបាល ឬដោយគណៈកម្មការប្រយុទ្ធនឹងជំងឺ កូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រី ចាត់ចែងអនុវត្តឱ្យមានប្រសិទ្ធភាព តាមភារកិច្ចរៀងៗខ្លួន។ សូម លោក លោកស្រី ប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ៕ 

ដោយ ៖ សុខ ខេមរា


ចែករំលែក៖