ក្រុមកំពូលតារាង Bayern Munich នឹងបើកកីឡដ្ឋាន Allianz Arena នៅរាត្រីថ្ងៃសុក្រនេះ ដើម្បីស្វាគមន៍ការប្រកួតក្នុងក្របខ័ណ្ឌ Bundesligaទទួលស្វាគមន៍ក្រុមភ្ញៀវ Moncheng សម្រាប់ការប្រកួតសប្តាហ៍ទី១៨របស់ខ្លួន បន្ទាប់ពីលីគកំពូលអាល្លឺម៉ង់សម្រាកក្នុងវិសមកាលកន្លងមក។
ក្រុម Bayern Munich មាន៩ពិន្ទុដាច់លើក្រុមលេខ២ BorussiaDortmund នៅលើកំពូលតារាង។ Bayern Munich បានឈ្នះការប្រកួត Bundesliga ចុងក្រោយរបស់ពួកគេក្នុងលទ្ធផល ៤-០ នៅលើទឹកដីខ្លួនឯងជាមួយក្រុម Wolfsburg ដែលជាជ័យជម្នះលើកទី៥ជាប់ៗគ្នា និងឈ្នះ៧ប្រកួតជាប់ៗគ្នានៅគ្រប់ការប្រកួតទាំងអស់។
ចំណែកក្រុមភ្ញៀវ Moncheng បានលេងស្មើ ១-១ ទល់នឹងក្រុមHoffenheim នៅកីឡដ្ឋាន PreZero Arena ក្នុងការប្រកួតលីគចុងក្រោយ ដើម្បីបន្តការមិនដែលឈ្នះរបស់ពួកគេដល់ទៅ៥ប្រកួតជាប់គ្នា(ស្មើ១ និងចាញ់៤) ដោយកំពុងឈរនៅលេខរៀងទី១៤ មាន១៩ពិន្ទុ។ ក្រុមនេះលើសតែ២ពិន្ទុប៉ុណ្ណោះពីតំបន់កាត់ចោល ខណៈនៅសល់១៧ប្រកួតទៀតនឹងចប់រដូវកាល។
ក្រុមទាំង២បានប្រកួតក្នុងលទ្ធផលស្មើ ១-១ ក្នុងការជួបគ្នាលើកចុងក្រោយនៅ Bundesliga ដែលជាការប្រកួតកាលពីខែសីហានៅកីឡដ្ឋាន Stadion im BORUSSIA-PARK។ ពេលនោះកីឡាករ Alassane Plea រកបាន១គ្រាប់ឲ្យ Mongcheng នៅនាទីទី១០ ខណៈដែល Robert Lewandowski រកបាន១គ្រាប់ឲ្យ Bayern នៅនាទីទី៤២។
ខ្សែប្រយុទ្ធ Lewandowski គឺជាកីឡាករឆ្នើមរបស់ Bayern Munich ក្នុងរដូវកាលនេះ។ ខ្សែប្រយុទ្ធរូបនេះគឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្រុមជាមួយនឹង១៩គ្រាប់ដោយមិនមានកីឡាករផ្សេងទៀតធ្វើបាននៅឡើយទេនៅក្នុងលីគរដូវកាល ២០២១-២០២២។ ចំណែកកីឡាករសំខាន់របស់ក្រុម Moncheng គឺ Jonas Hofmann ដែលបានស៊ុតបាល់បញ្ចូលទីចំនួន៧គ្រាប់នៅរដូវកាលនេះ។
ក្រុមម្ចាស់ផ្ទះ Bayern Munich មានទំនុកចិត្តខ្ពស់ក្នុងការយកឈ្នះគូប្រកួតលើទឹកដីខ្លួនឯងក្នុងរដូវកាលនេះ ដោយឈ្នះ៨ដង និងចាញ់តែ១ដងប៉ុណ្ណោះក្នុងការប្រកួតនៅ Bundesliga ចំនួន៩។ ចំណែកក្រុមMoncheng កំពុងទទួលបានលទ្ធផលមិនល្អក្នុងទឹកដីរដូវកាលនេះ ដោយស្មើ២ដង ចាញ់៦ដង និងឈ្នះតែ១ប្រកួតប៉ុណ្ណោះក្នុងការប្រកួតក្រៅដី។ក្រុមMoncheng ស្ថិតនៅលើការប្រកួតក្រៅដីមិនដែលឈ្នះ៥ប្រកួត (ស្មើ២ និងចាញ់៣)។ លើកចុងក្រោយក្រុមនេះឈ្នះក្រៅដីនៅខែតុលា ឆ្នាំ២០២១ទល់នឹងក្រុម Wolfsburg ។
ក្នុងការប្រកួតលីគ៦លើកចុងក្រោយរបស់ក្រុម Bayern Munich ឈ្នះ៥ និងចាញ់១។ ដោយឡែកក្រុម Moncheng ឈ្នះ១ ស្មើ១ និងចាញ់៤ក្នុងការប្រកួត៦លើកចុងក្រោយដូចគ្នា។ ការប្រកួតនៅរាត្រីនេះគេរំពឹងថា ក្រុមម្ចាស់ផ្ទះ Bayern Munich នឹងទទួលបានជ័យជម្នះបន្តទៀតដែលតាមការទស្សន៍ទាយរបស់គេហទំព័របរទេសអាចឈ្នះ៤ទល់១ ៕
ដោយ៖ ភារៈ(រូបភាព ៖ soccerway.com)