ខេត្តស្វាយរៀង៖ ដោយបានអនុវត្តនូវតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការការពារផលប្រយោជន៍ និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីក.ប.ប. បានចុះត្រួតពិនិត្យទំនិញតាមបណ្ដាផ្សារ ហាងលក់ទំនិញ សិប្បកម្មផលិត និងឃ្លាំងស្តុកនានា និងបានរកឃេីញ ដកហូត និងដុតកម្ទេចទំនិញខូចគុណភាពជាបន្តបន្ទាប់។ នេះបេីយោងតាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៅថ្ងៃសុក្រទី០៧ ខែមករា ឆ្នាំ២០២២។
ជាក់ស្ដែង នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២នេះ មន្ត្រីក.ប.ប. ប្រចាំខេត្តស្វាយរៀងបានធ្វេីការដុតកម្ទេចទំនិញខូចគុណភាពចំនួន ៣,២៤៣.២៨គីឡូក្រាម ដែលបានរកឃេីញ និងដកហូតពីទីផ្សារ និងឃ្លាំងស្តុកនានាក្នុងខេត្តស្វាយរៀងកន្លងមក។ សកម្មភាពនេះក៏ត្រូវបានចូលរួមពីព្រះរាជអជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង និងមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀងផងដែរ។
ប្រភពដដែលបន្តថា តាមរយៈព័ត័មានដែលបានប្រមូលពីទីផ្សារ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ នេះ មន្ត្រីស៊េីបអង្កេត នៃអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានឈានដល់ការស្រាវជ្រាវរកឃេីញនូវទីតាំងផលិត និងចែកចាយអំបិលមួយកន្លែងស្ថិតក្នុងខេត្តកំពង់ស្ពឺដែលត្រូវបានសង្ស័យថាផលិតអំបិលមិនអនុលោមតាមបទប្បញ្ញតិ្តដែលបានកំណត់។
បន្ទាប់ពីបានធ្វេីការវិភាគគុណភាពរួចមក មន្ត្រីជំនាញបានរកឃេីញថាអំបិលទាំងនោះមានផ្ទុកនូវជាតិអ៉ីយ៉ូដទាបជាងស្ដង់ដាដែលបានកំណត់។ ក្រោយពីបានរកឃេីញដូចនេះ មន្ត្រីក.ប.ប. បានធ្វេីការពិន័អន្តរការណ៍ដល់ម្ចាស់ទីតាំងផលិតនោះ និងបានណែនាំឱ្យធ្វេីការកែតម្រូវផងដែរ៕
ដោយ៖ស តារា