អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Thanakorn Wangboonkongchana បានឱ្យដឹងថា ក្នុងនាមជាប្រធានគណៈកម្មការទប់ស្កាត់ជំងឺឆ្លងនៅតាមបណ្តាខេត្ត បានជំរុញឱ្យបណ្តាអភិបាលខេត្តត្រូវតែត្រៀមលក្ខណៈទប់ស្កាត់កូវីដ-១៩ ។
លោក Thanakorn Wangboonkongchana បញ្ជាក់ថា នាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា បានចេញបញ្ជាដល់ទីតាំងសុខាភិបាលទាំងអស់ត្រូវតែត្រៀមលក្ខណៈដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ជាថ្មី ។ នៅពេលនេះដែរករណីឆ្លងកូវីដ-១៩ បានកើនឡើងនៅក្នុងប្រទេសថៃពីមួយថ្ងៃទៅមួយថ្ងៃ ។
ក្រសួងសុខាភិបាលថៃ នៅថ្ងៃ ទី០៩ ខែមករា ឆ្នាំ២០២២នេះបានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៨,៥១១ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន១២នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈដែលអ្នកជំងឺចំនួន ២,៦០៥នាក់ផ្សេងទៀតត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យក្រោយបានជាសះស្បើយ។
រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ២,២៦៩,៥៥០ករណី ក្នុងនោះមានអ្នកស្លាប់ ២១,៨២៥នាក់ និងអ្នកជាសះស្បើយឡើងវិញ ២,១៩៣,៨៦៧នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ១០៧.១៧លានដូស ក្នុងនោះប្រជាជន ៤៧.១លាននាក់ (៦៧.៣៣% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ ដោយ៖ធីរីណា
រូបថត៖AFP/TTXVN.