ដោយសារបុណ្យចូលឆ្នាំចិនវៀតណាមជិតចូលមកដល់យើងសូមលើកពីជំនឿនិងប្រវត្តិនៃការដាំដើមអង្គាសីលនៅក្នុងផ្ទះរបស់អ្នកមានជំនឿរបស់ជនជាតិ ចិន-វៀតណាមដូចខាងក្រោម÷ដើមអង្គាសីលគឺជារុក្ខជាតិម្យ៉ាងដែលដុះនៅព្រៃភ្នំ។ក្រៅពីស្លឹកនិងផ្កាដែលគេយកទៅតាំងក្នុងផ្ទះក្នុងឱកាសចូលឆ្មាំប្រពៃណីចិន-វៀតណាម ឫសរបស់វាអាចយកទៅធ្វើឱសថបុរាណ និងដើមអាចដុតធ្វើជាអុសបានយ៉ាងស្រួល។
ផ្កាអង្គាសីលក៏ដូចជាផ្កាស្បៃរឿងមានពណ៌លឿងជាតំណាងលោហធាតុមាសដែលប្រជាជនចិន-វៀតណាម មានជំនឿថាជានិមិត្តរូបផ្ដល់នូវសេចក្តីសុខសេចក្តីចម្រើនរកស៊ីមានបានដូចមាសប្រាក់ហូរចូលក្នុងផ្ទះ។ដោយហេតុនេះហើយទើបនៅពេលចូលឆ្នាំចិន-វៀតណាមម្ដងៗ អ្នកមានជំនឿទាំងនោះតែងនាំគ្នាទិញដើមអង្គាសីលយកមកតាំងក្នុងផ្ទះដើម្បីទទួលបានលាភជ័យសិរីសួស្តីក្នុងគ្រួសារ។ ក្រៅពីតាំងក្រដាសក្រហមសួស្តីឆ្នាំថ្មី និងគោមក្រហមនៅមុខផ្ទះ នៅមុនចូលឆ្នាំចិនវៀតណាមក្នុងរយៈពេល ៤ ទៅ ៥ ថ្ងៃអ្នកមានជំនឿតែងយកដើមអង្គាសីលទៅដាំតាំងក្នុងផ្ទះស្រោចទឹកក្តៅឧណ្ណដើម្បីឲ្យវាលូតលាស់និងចេញផ្កាបានល្អ។
បើតាមក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា ដើមអង្គាសីលជាឈ្មោះឈើមួយប្រភេទផ្កាសម្បុរលឿងក្លិនក្រអូបឆ្ងាញ់ ប៉ុន្តែក្រអូបស្រាលចេញផ្កាក្នុងការដែលរង្គោះស្លឹកអស់ហើយ លាស់ជាថ្មីក្នុងរវាងខែចេត្រពិសាខបើកាត់មែកដែលរង្គោះស្លឹកអស់ហើយឬដែលកំពុងចេញផ្កានោះ យកមកត្រាំទឹកក្នុងដបអាចចេញត្រួយនិងផ្កាបានយូរថ្ងៃ ដាក់ជាគ្រឿងតាំងរុងរឿងណាស់។ អ្នកស្រុកខ្លះហៅអង្គាលឿងខ្លះហៅថាអង្គាសីល។
ហេតុអ្វីគេយកដើមអង្គាសីលមកតាំងលម្អក្នុងផ្ទះ?
មានដំណើររឿងមកថាដើមឡើយមានបងប្អូនពីរនាក់រស់នៅក្នុងផ្ទះតែមួយហើយមានការកាច់កុងគ្នាដោយប្អូនធ្វើអោយបងឈឺចាប់បំផុត។លុះក្រោយមកបងបានទៅក្នុងព្រៃឃើញដើមអង្គាសីលនេះល្អក៏កាច់យកទៅដាំនៅក្នុងផ្ទះ។ពេលបងចេញទៅបាត់ប្អូនដែលមានការក្តៅក្រហាយនឹងបងនិងមានបំណងឲ្យដើមអង្គាសីលងាប់ក៏យកទឹកក្តៅទៅស្រោចដើមអង្គាសីលឱ្យងាប់។ក្រោយមកបងត្រឡប់មកដល់ផ្ទះវិញស្រាប់តែឃើញអង្គាសីល ដុះស្លឹកចេញផ្កាស្គុះស្គាយត្រឈឹងត្រឈៃព្រមទាំងដឹងថាប្អូនជាអ្នកចាក់ទឹកក្តៅស្រោចដើមធ្វើឱ្យដើមអង្គាសីលកាន់តែដុះល្អ។ចាប់ពីពេលនោះមកគេប្រសិទ្ធនាមផ្កាអង្គាសីលថាជាសក្ខីភាពស្មោះត្រង់។បើអ្នកណាមានគំនិតអាក្រក់សូមឱ្យគំនិតអាក្រក់នោះសាបរលាប។ចំណែកផ្កានិងស្លឹកដុះរីកស្រស់ល្អ ប្រៀបបានអ្នកនោះនឹងមានជីវិតស្រស់បំព្រងដូចផ្កាអង្គាសីលនៅក្នុងគ្រួសារជារៀងរហូត៕
(ស្រាវជ្រាវដោយ÷ចៅតាជេត)