ព័ត៌មានទាន់ហេតុការណ៍៖

Dortmund បានធ្លាក់ចេញពី German Cup ក្រោមថ្វីជើងក្រុមនៅលីគទី២ St Pauli

ចែករំលែក៖

ក្រុមយក្សនៅអាល្លឺម៉ង់ Borussia Dortmund ត្រូវបានធ្លាក់ចេញពីការប្រកួតជម្រុះពានរង្វាន់ German Cup កាលពីថ្ងៃអង្គារ នៅពេលដែលពួកគេបានរងបរាជ័យយ៉ាងភ្ញាក់ផ្អើលក្នុងវគ្គ១៦ក្រុមចុងក្រោយលើក្រុម St Pauli នៃក្របខ័ណ្ឌទី២របស់អាល្លឺម៉ង់ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

ក្រុម St Pauli ដែលកំពុងលេងនៅលីគលំដាប់ទី២ Bundesliga 2 បានវាយបកនៅដើមតង់ទី១ នៅពេលដែលកីឡាករ Etienne Amenyido រកបានគ្រាប់បាល់នាំមុខនៅនាទីទី៤។

ក្រុមខ្លាំង Dortmund បានបរាជ័យដោយធ្លាយគ្រាប់បាល់១គ្រាប់ទៀតនៅនាទីទី៤០នៅពេលដែលកីឡាករ Axel Witsel បានបញ្ជូនបាល់ចូលទីខ្លួនឯង។ ចូលដល់ការប្រកួតក្នុងតង់ទី២ ខ្សែប្រយុទ្ធ Erling Haaland រកបាន១គ្រាប់វិញពីការស៊ុតបាល់ប៉េណាល់ទី នៅនាទីទី៥៨។

បើទោះបីក្រុម Dortmund ព្យាយាមសម្រុកយ៉ាងខ្លាំង និងបន្តគ្រប់គ្រងបាល់បានច្រើនជាងក្រុមម្ចាស់ផ្ទះ St Pauli ក៏ដោយក៏នៅតែមិនអាចរកបានគ្រាប់បាល់តាមស្មើ និងវាយបកយកជ័យជម្នះបានដែរ រហូតដល់ចប់ការប្រកួតលទ្ធផលគឺក្រុម St Pauli ឈ្នះ Dortmund ២ទល់១។

គូប្រកួតផ្សេងទៀតគឺក្រុមម្ចាស់ផ្ទះ Cologne ក៏បានធ្លាក់ចេញផងដែរដោយចាញ់ Hamburg SV បន្ទាប់ពីការប្រកួតបានបញ្ចប់ក្នុងលទ្ធផល ១-១ ប៉ុន្តែចាញ់ដោយបាល់ប៉េណាល់ទី ខណៈដែលក្រុម Bochum បានយកឈ្នះក្រុម Mainz ៣-១។

ការប្រកួតវគ្គជម្រុះ១៦ក្រុមចុងក្រោយនៅសល់៤គូទៀតដែលនឹងត្រូវប្រកួតគ្នានៅថ្ងៃទី២០ ខែមករានេះគឺក្រុម Hannover 96 ប៉ះក្រុម Moncheng, ក្រុម RB Leipzig ប៉ះHansa Rostock, ក្រុម Hoffenheim​ ប៉ះ Freiburg , និងក្រុម Hertha Berlin ប៉ះ Union Berlin

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖