ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ផ្អាកពិធីមង្គលការដោយសារតែការឆ្លងអូមីក្រុងក្នុងសហគមន៍

ចែករំលែក៖

នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់លោកស្រី Jacinda Arden បានសម្រេចផ្អាកពិធីមង្គលការរបស់ខ្លួនដោយសារតែមានករណីឆ្លងកូវីដ-១៩បំប្លែងថ្មីអូមីក្រុងក្នុងសហគមន៍។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី ២៣ខែមករា នាយករដ្ឋមន្ត្រី Jacinda Arden បានបញ្ជាក់ថា «ពិធីរៀបអាពាហ៍ពិពាហ៍របស់ខ្ញុំនឹងមិនកើតឡើងក្នុងពេលនេះឡើយ ។ ខ្ញុំពិតជាសោកស្តាយចំពោះការពន្យារពេលនេះ»។
ការសម្រេចខាងលើរបស់ប្រមុខដឹកនាំនូវែលហ្សេឡង់គឺក្រោយពេលដែលប្រទេសនេះបានរកឃើញករណីឆ្លងកូវីដ-១៩បំប្លែងថ្មីក្នុងសហគមន៍ ហើយនៅយប់ថ្ងៃទី ២៣ខែមករាច្បាប់រឹតត្បិតថ្មីត្រូវបានអនុវត្តដើម្បីទប់ស្កាត់ការឆ្លងអូមីក្រុង។
ចាប់ពីយប់កណ្តាលអធ្រាត្រថ្ងៃអាទិត្យទី២៣ខែមករានេះតទៅ នូវែលហ្សេឡង់នឹងចាប់ផ្តើមអនុវត្តគោលការណ៍ពាក់ម៉ាស់តឹងរ៉ឹងជាងមុន ព្រមទាំងដាក់កំហិតលើការជួបជុំ ក្រោយការរកឃើញចង្កោមករណីឆ្លងចំនួន៩ករណីនៃវីរុស COVID-19 បំប្លែងថ្មី Omicron ដែលបានបង្ហាញពីការឆ្លងចូលដល់ក្នុងសហគមន៍។
ការប្រកាសខាងលើបានកើតមានឡើងបន្ទាប់ពីគ្រួសារមួយបានធ្វើដំណើរតាមយន្តហោះពីទីក្រុងអូកលែន (Auckland) ដែលស្ថិតនៅកោះភាគខាងជើង ឆ្ពោះទៅកាន់កោះភាគខាងត្បូងនៃប្រទេសនូវែលហ្សេឡង់ដើម្បីចូលរួមពិធីរៀបអាពាហ៍ពិពាហ៍មួយដែលមានមនុស្សចូលរួមសរុបប្រមាណជា១០០នាក់។ ក្រោយមកគ្រួសារនោះហើយនិងអ្នកបម្រើការលើយន្តហោះម្នាក់ ក៏បានធ្វើតេស្តវិជ្ជមានចំពោះវីរុស Omicron។
នៅក្រោមការរឹតត្បិតសាជាថ្មី នូវែលហ្សេឡង់នឹងត្រូវស្ថិតក្នុងស្ថានភាពពណ៌ក្រហមនៃក្របខ័ណ្ឌវិធានការការពារ COVID-19 របស់ខ្លួន ដោយមានការតម្រូវឱ្យពាក់ម៉ាស់ជាកំហិតនៅតាមមធ្យោបាយធ្វើដំណើរសាធារណៈនិងហាង ហើយចំនួនមនុស្សដែលអាចចូលរួមនៅក្នុងព្រឹត្តិការណ៍ផ្សេងៗ ត្រូវកំណត់ត្រឹម១០០នាក់សម្រាប់អ្នកចាក់វ៉ាក់សាំងរួចរាល់ និងត្រឹម២៥នាក់សម្រាប់អ្នកមិនចាក់វ៉ាក់សាំង។ គោលការណ៍នេះនឹងត្រូវអនុវត្តរហូតដល់យ៉ាងហោចណាស់ក៏ដល់ចុងខែកុម្ភៈខាងមុខនេះដែរ៕

ដោយ៖ធីរីណា(រូបថត៖NZ Herald)


ចែករំលែក៖