កីឡាករ Ramsey អតីតខ្សែបម្រើរបស់ក្រុមកាំភ្លើងធំ Arsenal ចង់ត្រឡប់ទៅ Premier League វិញ បន្ទាប់ពីបរាជ័យក្នុងការផ្លាស់ទៅ Juventus ហើយពេលនេះកំពុងពិភាក្សាជុំវិញការផ្លាស់ប្ដូរក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
គ្រូបង្វឹករបស់ Burnley លោក Shaun Dyche មិនអាចបង់ថ្លៃដែលមានប្រាក់ឈ្នួល៤០ម៉ឺនផោនក្នុងមួយសប្តាហ៍របស់ Ramsey ទេ ប៉ុន្តែ Ramsey វ័យ៣១ឆ្នាំនៅតែអាចពិចារណាការផ្លាស់ប្តូរបន្ទាប់ពីការបដិសេធដំបូង ដោយ Juventus អស់សង្ឃឹមក្នុងការរក្សាកីឡាករូបនេះនៅក្នុងក្លិប។
កីឡាកររូបនេះមានសង្ឃឹមថានឹងទៅក្លិប Crystal Palace ប៉ុន្តែក្រុមរបស់លោក Patrick Viera មិនបានចូលមកបង្ហាញចំណាប់អារម្មណ៍ពេញលេញទេ។
គ្រូបង្វឹកក្រុម Juventus លោក Massimiliano Allegri បានបញ្ជាក់កាលពីដើមខែមករាថា Ramsey មានសេរីភាពក្នុងការចាកចេញ ដោយពណ៌នាថា គាត់មានលើសតម្រូវការ។ លោក Allegri បាននិយាយថា “Ramsey បានត្រឡប់មកវិញនៅថ្ងៃនេះ បន្ទាប់ពីពួកយើងបានឱ្យគាត់សម្រាកពីរបីថ្ងៃដើម្បីធ្វើការ ហ្វឹកហាត់ដាច់ដោយឡែកនៅប្រទេសអង់គ្លេស។ ទោះបីជាយ៉ាងណាក៏ដោយ គាត់គឺជាកីឡាករដែលមានទម្រង់លេងល្អម្នាក់”។
Ramsey បានរងរបួសចាប់តាំងពីផ្លាស់ទៅលេងនៅអុីតាលីក្នុងឆ្នាំ២០១៩ ដោយលេងបានតែ៦៩ដង ស៊ុតបាល់បញ្ចូលទីបាន៦គ្រាប់។ គាត់បានចាប់ផ្តើមនៅលីគកំពូលអុីតាលី Serie A តែមួយដងគត់សម្រាប់ក្រុមរបស់លោក Allegri នៅរដូវកាលនេះ។ ការបង្ហាញខ្លួនចុងក្រោយរបស់កីឡាកររូបនេះបានកើតឡើងក្នុងខែតុលា ប៉ុន្តែបានត្រឹមតែ៥នាទីចុងក្រោយប៉ុណ្ណោះក្នុងក្របខ័ណ្ឌ Champions League ទល់នឹងក្រុម Zenit ។
របាយការណ៍ថ្មីៗនេះបានបង្ហាញថា Ramsey បានធ្វើឱ្យក្រុម Juventusខឹងសម្បារដោយបដិសេធការផ្លាស់ប្តូរដោយខ្ចីជើងទៅក្លិប Newcastle ដែលចង់ជំរុញការដេញថ្លៃរបស់ពួកគេសម្រាប់ការបន្តនៅលីគកំពូល Premier League នៅរដូវកាលក្រោយ ៕
ដោយ៖ ភារៈ(រូបភាព ៖ The Sun)