ភ្នំពេញ៖ លោកនាយប៉ុស្តិ៍ឃ្មួញ ឈឹម ខាវីរូតវឌ្ឍនៈដែលមិនដឹងថាមានអតីតភាពការងារយ៉ាងណានោះទេត្រូវបានប្រកាសចូលកាន់តំណែងកាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ហើយនៅគ្រានោះដែរពួកចោរឆក់ក៏បានធ្វើសកម្មភាពដើម្បីស្ទង់មើលសមត្ថភាពដឹកនាំរបស់លោកនាយប៉ុស្តិ៍ថ្មីនេះផងដែរ។ បើទោះបីជាយ៉ាងណាក៏ដោយក៏គេមិនទាន់អាចដឹងអំពីសមត្ថភាពនិងស្នាដៃរបស់លោកឈឹម ខាវីរូវឌ្ឍនៈភ្លាមៗនោះដែរ ពីព្រោះត្រូវរង់ចាំឱ្យលោកនាយប៉ុស្តិ៍អង្គុយក្តៅគូទបន្តិចសិនដែរ។
គួរបញ្ជាក់ថា មានករណីបាត់បង់សម្ភារមួយបានកើតឡើងនៅវេលារសៀលថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីការប្រកាសចូលកាន់តំណែងរបស់លោកឈឹម ខាវីរូតវឌ្ឍនៈនៅប៉ុស្តិ៍រដ្ឋបាលឃ្មួញកាលពីពេលព្រឹក។ អាចនិយាយបានថាវាជារឿងកំប៉ិកកំប៉ុកចំពោះករណីបាត់សម្ភារបន្តិចបន្តួច ប៉ុន្តែថាតើលោកមេប៉ុស្តិ៍អាចមានសមត្ថភាពដើម្បីស្វែងរករបស់ទ្រព្យដែលបាត់ទៅនោះឃើញឬទេ? បើតាមមន្ត្រីនគរបាលប៉ុស្ដិ៍ឃ្មួញក៏ដូចជាខណ្ឌសែនសុខយល់ឃើញថា ទោះជាយ៉ាងណាក៏ដោយវាមិនមែនជាការទទួលខុសត្រូវតែម្នាក់ឯងរបស់លោកនាយប៉ុស្តិ៍ដែលទើបកាន់តំណែងថ្មីនោះទេ ហើយម្យ៉ាងទៀតរឿងបាត់កាបូបមួយវាជាបញ្ហាកំប៉ិកកំប៉ុកខ្លាំងណាស់។
ប៉ុន្តែប្រសិនបើការបាត់បង់សម្ភារទាំងនេះគេមិនអាចរកឃើញត្រឡប់មកវិញនោះទេគឺមានន័យថាលោកមេប៉ុស្តិ៍គ្មានសមត្ថភាពទាល់តែសោះឬក៏មានសមត្ថភាពខ្សោយ។ ការចោទប្រកាន់ឬការវាយតម្លៃទៅលើសមត្ថភាពរបស់មេប៉ុស្តិ៍ថ្មីនេះក៏ព្រោះតែមន្ត្រីនគរបាលទាំងឡាយក្នុងខណ្ឌសែនសុខហាក់ដូចជាមានការរើសអើងចំពោះរូបលោកមេប៉ុស្តិ៍ថ្មីដែលមកពីទីផ្សេង(ក្រៅប៉ុស្តិ៍,ក្រៅខណ្ឌ) ហើយមកទទួលការងារនៅទីនេះ។ យ៉ាងណាក៏ដោយគេត្រូវតែរង់ចាំមើលសមត្ថភាពដឹកនាំរបស់លោកនាយប៉ុស្តិ៍ថ្មីនេះ។
មានមនុស្សមិនតិចទេនៅក្នុងចំណោមមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធក្នុងខណ្ឌសែនសុខដែលរិះគន់ពេបជ្រាយចំពោះការតែងតាំងលោកឈឹម ខាវីរូតវឌ្ឍនៈដែលដែលគេពិពណ៌នាថាធ្លាក់មកពីលើមេឃឱ្យមកកាន់តំណែងជានាយប៉ុស្តិ៍ឃ្មួញនេះ។ រីឯថ្នាក់ដឹកនាំវិញ ក្នុងការសម្រេចនាំយកបុរសឈឹម ខាវីរូតវឌ្ឍនៈឲ្យមកកាន់តំណែងជានាយប៉ុស្តិ៍
ឃ្មូញក៏មិនដែលខ្វល់អំពល់អំពីការខុសគោលការណ៍ឬក៏ការរិះគន់ទាំងឡាយនោះដែរ។ ជាងនេះទៅទៀតគេក៏មិនដែលគិតគូរអំពីសមត្ថភាពដឹកនាំរបស់អ្នកដែលត្រូវមកកាន់តំណែងនោះដែរ។ មានន័យថាសុខទុក្ខរបស់ប្រជាពលរដ្ឋមិនត្រូវបានគិតគូរនោះឡើយ។ ក្នុងនោះដែរម្ចាស់កាបូបដែលត្រូវចោរលួចយកទៅបាត់នោះក៏បាននិយាយថា បើបងប្អូនណារើសបានឯកសារដែលនៅក្នុងកាបូបនោះដែលមានវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន៣សន្លឹក កាតការងារ និងកាតធនាគារផងនោះសូមយកមកប្រគល់ជូនម្ចាស់ដើមវិញគាត់នឹងជូនជាសគុណ៕
ដោយ៖ ចន្ទ លីហ្សា