ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត CRV បើកឆ្លងផ្លូវមិនគោរពសិទ្ធិអាទិភាពទៅបុកម៉ូតូដែលបើកបញ្ច្រាសគ្នារងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសធ្ងន់បាក់ជើងទាំងសងខាងដោយសារជួបករណីគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តម៉ាក CRV បើកឆ្លងផ្លូវមិនគោរពសិទ្ធិអាទិភាព ទៅបុកម៉ូតូដែកបើកបញ្ច្រាសទិសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។

   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៧នាទីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ នៅលើផ្លូវលេខ ៣១៥ ត្រង់ចន្លោះគីឡូម៉ែត្រលេ០១និង០២ ស្ថិតក្នុងភូមិអណ្ដូងតាសី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ។

   យោងតាមសមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ឈុន រដ្ឋា អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិដូនទង ឃុំធ្លក ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១HA-៦៩៦១។

ចំណែកអ្នកបើករថយន្តបង្កហេតុមិនត្រូវបានស្គាល់ឈ្មោះនោះទេ ព្រោះបន្សល់តែរថយន្ដម៉ាក CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ស្ពឺ ២A-៦៧៧៤នៅនឹងកន្លែង។

   តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានបើករថយន្តមួយគ្រឿងម៉ាកCRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ស្ពឺ ២A-៦៧៧៤លើផ្លូវលេខ៣១៥ ហើយបើកបរថយន្តឆ្លងផ្លូវពីកើតទៅលិចមិនគោរពសិទ្ធិអាទិភាពបានទៅបុកជាមួយ ម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១HA- ៦៩៦១ ដែលបើកក្នុងទិសដៅពីត្បូងទៅជើងយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។

   ក្រោយកើតហេតុមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋានក្រុងស្វាយរៀង ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖